នាយកហិរញ្ញវត្ថុ (CFO) របស់ OpenAI អ្នកស្រី Sarah Friar បាននិយាយក្នុងអត្ថបទប្លុកមួយកាលពីថ្ងៃអាទិត្យថា ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានកើនលើស ២០ ពាន់លានដុល្លារ ក្នុងឆ្នាំ 2025 កើនឡើងពី ៦ ពាន់លានដុល្លារ ក្នុងឆ្នាំ 2024 ដោយកំណើននេះស្របតាមការពង្រីកសមត្ថភាពកុំព្យូទ័រយ៉ាងខ្លាំង។
លោកស្រីFriar បានបញ្ជាក់ថា សមត្ថភាពកុំព្យូទ័ររបស់ OpenAI បានកើនឡើងដល់ 1.9 ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ 2025 ពី 0.6 ជីហ្គាវ៉ាត់ នៅឆ្នាំ 2024 ហើយបានបន្ថែមថា OpenAI ដែលគាំទ្រដោយ Microsoft កំពុងបន្តកត់ត្រាចំនួនអ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ ក្នុងកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ។
OpenAI បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងចាប់ផ្តើមបង្ហាញ ពាណិជ្ជកម្ម (Ads) ក្នុង ChatGPT សម្រាប់អ្នកប្រើប្រាស់ខ្លះនៅសហរដ្ឋអាមេរិក ដើម្បីបង្កើនចំណូលជួយគាំទ្រចំណាយខ្ពស់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI។
ដោយឡែក សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃចន្ទថា នាយកផ្នែកគោលនយោបាយរបស់ OpenAI លោក Chris Lehane បាននិយាយថា ក្រុមហ៊ុនកំពុង “ដើរតាមផែនការ” ក្នុងការបង្ហាញ ឧបករណ៍ដំបូងរបស់ខ្លួន នៅពាក់កណ្តាលទីពីរនៃឆ្នាំ 2026។
លោកស្រីFriar ក៏បាននិយាយថា វេទិកា OpenAI គ្របដណ្តប់លើអត្ថបទ រូបភាព សម្លេង កូដ និង API ហើយដំណាក់កាលបន្ទាប់នឹងផ្តោតលើភ្នាក់ងារនិងការស្វ័យប្រវត្តិកម្មលំហូរការងារ ដែលអាចដំណើរការបន្តៗ កាន់កាប់បរិបទក្នុងរយៈពេលវែង និងអនុវត្តសកម្មភាពតាមឧបករណ៍ផ្សេងៗ។
សម្រាប់ឆ្នាំ 2026 ក្រុមហ៊ុននឹងផ្តល់អាទិភាពដល់ “ការអនុវត្តជាក់ស្តែង” ជាពិសេសក្នុងវិស័យ សុខាភិបាល វិទ្យាសាស្ត្រ និងអាជីវកម្ម។
លោកស្រីក៏បានបញ្ជាក់ថា OpenAI កំពុងរក្សា តុល្យបញ្ជីហិរញ្ញវត្ថុបែបស្រាល ដោយជ្រើសរើសការសហការជំនួសការកាន់កាប់ផ្ទាល់ និងរៀបចំកិច្ចសន្យាឲ្យមានភាពបត់បែន ជាមួយអ្នកផ្គត់ផ្គង់ និងប្រភេទផ្នែករឹងផ្សេងៗ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច