ភ្នំពេញ,ក្រសួងធនធានទឹក និងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ៖
ព្យុះទី១ឈ្មោះ ណូកាន (Nokaen) នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែល បក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៤ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.០០ម៉ែត្រ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕
ដោយ : សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច