ខេត្តបន្ទាយមានជ័យ : លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃ អង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មាន ថវិកាចំនួន ២លានរៀល និង ទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិនដែលរងរបួស ក្នុងសមរភូមិ កន្លងមក ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុក្ខពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ចំពោះ លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ និងបានលើកទឹកចិត្ត និងជូនពរឆាប់ជា ឱ្យមានសុខភាពល្អមាំទាំឡើងវិញ ក្នុងខណៈនេះ ថ្នាក់ដឹកនាំតែងតែគិតគូរសុខទុក្ខបងប្អូនជានិច្ច និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ ជាមួយគ្នានោះលោកឧត្ដមសេនីយ៍ត្រីស្នងការរង ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហារថៃចាប់បានកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៥ កន្លងទៅ និងបានបញ្ជូនមកវិញនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦នេះ៕
ដោយ : សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច