ព័ត៌មានទាន់ហេតុការណ៍៖

Update សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួននគរបាលក្លែងក្លាយ៤នាក់​ ពាក់ព័ន្ធករណីដេីរគំរាមពលរដ្ឋយកប្រាក់​ ខណៈ៥នាក់ទៀតកំពុងគេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការឃាត់ខ្លួននគរបាលសក្លែងក្លាយមួយក្រុមមានគ្នា៤នាក់​ យកទៅចាត់ការតាមនីតិវិធី ចំណែក៥នាក់ទៀតកំពុងគេចខ្លួន​ ក្រោយធ្វេីសកម្មភាពដេីរគំរាមពករដ្ឋយកប្រាក់​ ។ 

ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង​៩យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦ នៅចំណុច ផ្លូវបេតុង ស្ថិតនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ 

ជនសង្ស័យចំនួន០៩នាក់៖

១-ឈ្មោះ ឌី មេសាណាន់ ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅ ភូមិគរ សង្កាត់ច្រាំងចំរេទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

២-ឈ្មោះ ឌី ចំណាប់ ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅ ភូមិគរ សង្កាត់ច្រាំងចំរេទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

៣-ឈ្មោះ បុល ជង់យៀន ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរ ដឹកជញ្ជូន ស្នាក់នៅ ភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល់ (ឃាត់ខ្លួន)។ 

៤-ឈ្មោះ ភួង ស៊ីវអេង ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ មុខរបរ រត់តុការ ស្នាក់នៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

៥-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។

៦-ឈ្មោះ ការី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។

៧-ឈ្មោះ សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។

៨-ឈ្មោះ ទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។

៩-ឈ្មោះ រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (គេចខ្លួន) ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​ 

ទី១-ម៉ូតូ​ ម៉ាកYAMAHA EXCITER ពណ៌ក្រហម ពាក់ស្លាកលេខនគរបាល1-7325 ។ 

ទី២​ ម៉ាកHONDA DREAM C125 ពណ៌ខៀវ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខកំពត1W- 2056។ 

ទី៣​ ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខៀវ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ1LJ-6849។ 

វិទ្យុទាក់ទង២គ្រឿង​ និងកាតអក្សរ POLICE “C.I.D” នគរបាលព្រហ្មទណ្ឌ។ 

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ កម្លាំង សមត្ថកិច្ចនគរបាល​ បានទទួលពត៌មានពីបងប្អូនប្រជាពលរដ្ឋ ឱ្យកម្លាំងសមត្ថកិច្ចនគរបាល​ ជួយប្រកាសតាមវិទ្យុទាក់ ថា៖មានជនសង្ស័យ០១ក្រុម បានធ្វើសកម្មភាព ជិះម៉ូតូចំនួន០៥គ្រឿង ដោយជនសង្ស័យខ្លះ ស្លៀកពាក់ខោប្រយុទ្ធពណ៌ខៀវ និងអាវមានអក្សរនគរបាលជាតិ និងស្លៀកពាក់ ស៊ីវិល និងមានកាន់វិទ្យុទាក់ទង ដេញតាមឃាត់បងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូតាមផ្លូវសាធារណៈ គំរាមយកប្រាក់ នៅចំណុចផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ លុះពេលបងប្អូនប្រជាពលរដ្ឋ សួរនាំរកអង្គភាពនៅកន្លែងណា? និងមានប័ណ្ណសំគាល់ខ្លួនជា នគរបាលជាតិដែរឬទេ? រួចហើយក្រុមជនសង្ស័យ ពុំបានឆ្លើយតបនោះទេ ដោយក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួន តាមផ្លូវលេខ២០០៤ នៅពេលទទួលបានដំណឹងនេះភ្លាម ទើបកម្លាំងសមត្ថ កិច្ចនគរបាល​ បានជិះម៉ូតូចេញទៅជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅចំណុច ផ្លូវលេខ២០០៤ កែងភ្លើងស្តុបផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍ សែនជ័យ តែម្តង ។ចំណែកជនសង្ស័យចំនួន០៥នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយការសាកសួរ ជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា៖ពួកខ្លួនទាំង០៤នាក់ និងបក្ខពួកចំនួន០៥នាក់ទៀត ដែលស្គាល់ មកតៗគ្នា ពិតជាបានធ្វើសកម្មភាព ស្លៀកពាក់ក្លែងបន្លំ ឯកសណ្ឋាន និងពាក់កាតមាន អក្សរ POLICE “C.I.D” នគរបាលព្រហ្មទណ្ឌ និងដាក់វិទ្យុទាក់ទង ជាប់និងខ្លួន ហើយជិះម៉ូតូតាមផ្លូវសាធារណៈ ហើយឃើញបងប្អូនប្រជាពលរដ្ឋណា ជិះម៉ូតូឃើញ ទំនង ជិះម៉ូតូកែច្នៃបំពង់ស៊ីមាំងម៉ូតូខុសប្រក្រតី និងគ្មានស្លាកលេខ ឬសង្ស័យ ជាអ្នកជក់គ្រឿងញៀន គឺពួក ខ្លួន ជិះម៉ូតូដេញតាម និងឃាត់សួរនាំ ហើយគំរាមយកប្រាក់មួយចំនួន បើមិនព្រមអោយ គឺពួកខ្លួន បញ្ជូនទៅថ្នាក់លើចាត់ការតាមនីតិវិធី បន្តទៀត ដោយមួយថ្ងៃ គឺចាប់ឃាត់ខ្លួន មនុស្ស ចំនួន៥ទៅ១០លើក ហើយគំរាមទារយកប្រាក់ បានចំនួន២០០,០០០៛(ម្ភៃម៉ឺនរៀល) ទៅចំនួន៣០០,០០០៛ (សាមសិបម៉ឺន រៀល) ហើយចែកប្រាក់គ្នាបានម្នាក់ ចំនួន៤០,០០០៛ (បួនម៉ឺនរៀល) ទៅចំនួន៥០,០០០៛ (ប្រាំម៉ឺនរៀល)។ ហើយនៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទី ពួកខ្លួន ធ្លាប់ធ្វើសកម្មភាព ជិះម៉ូតូដេញតាម មនុស្សប្រុសចំនួន០៣នាក់ ជិះម៉ូតូ០២គ្រឿង យកទៅសួរនាំនៅម្តុំផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយបក្ខពួកឈ្មោះ ម៉ាប់ ភេទប្រុស ជាអ្នកគំរាមទារយកប្រាក់ចំនួន៣៥០$​ ដោយជនរងគ្រោះ អត់ប្រាក់ អោយ ទើបឈ្មោះ ម៉ាប់ ភេទប្រុស បានប្រាប់អោយជនរងគ្រោះ យកម៉ូតូទៅដាក់បញ្ចាំ យកប្រាក់មកខ្លួន មានសេរីភាព វិញ។

បច្ចុប្បន្ន​ ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿង អនុវត្តបន្តតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖