ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី៣ ឆ្នាំ២០២៦ គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើង២១ករណី ឃាត់ខ្លួនមនុស្ស៧០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៦ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនពួកគេទាំងអស់នោះទៅតុលាការ ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និងកំពុងស្វែងរកចាប់ខ្លួន។
គួរបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ បាត់ដំបង និងខេត្តពោធិ៍សាត់។
បើតាមលោក ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយមិនដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។
គួរកត់សម្គាល់ថាក្នុងរយៈពេល២សប្ដាហ៍ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងចំនួន៣៨ករណី ឃាត់ខ្លួនមនុស្ស១២៨នាក់ និងបានបង្រា្កបករណីល្បែងស៊ីសងចំនួន១១ករណី ឃាត់ខ្លួនជនងប់ល្បែងចំនួន៣២នាក់បញ្ជូនទៅតុលាការ៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច