ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាន អំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលនឹងអាចកើតមានឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ។
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យ ដឹងថា អាកាសធាតុភ្លៀងនឹងបន្តធ្លាក់នៅ ក្នុងសប្តាហ៍នេះ ការប្រឈមនឹងជំនន់ទឹកភ្លៀងមានកម្រិតខ្ពស់ជាងពេលកន្លងមក ។ ព្យុះទី១៩ឈ្មោះ AERE នឹងចុះខ្សោយមក ជាសម្ពាធទាបនិងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងភាគខាងកើតកោះហៃណាំ ។ សម្ពាធទាបនេះនឹងមានឥទ្ធិពលមកលើ កម្ពុជារយៈពេលមួយសប្តាហ៍ទី២ក្នុងខែ តុលានេះ ។
ប្រព័ន្ធសម្ពាធទាបបានរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជានិងកំពុងបង្កើន ឥទ្ធិពលលើកម្ពុជានិងតំបន់ដីសណ្តទន្លេមេគង្គ ។ បាតុភូតធម្មជាតិទាំងពីរនេះនឹងបង្កឲ្យភ្លៀងធ្លាក់រាយប៉ាយកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា ជាពិសេសតំបន់ ខ្ពង់រាប និងតំបន់ទំនាបកណ្តាលចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៦នេះ។
នៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្ត ភ្លៀងបានចាប់ផ្តើមធ្លាក់បង្កឲ្យលិច លំនៅឋានរបស់ប្រជាពលរដ្ឋនិងផ្លូវខ្លះកំពុងលិចបណ្តាលឲ្យស្ទះចរាចរណ៍ ៕ ហេង នរិន្ទ្រ