ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​-ឡាវ​ បង្ហាញពីការពង្រឹងទំនាក់ទំនងអាជីវកម្ម និងការវិនិយោគក្នុងវិស័យកសិកម្ម​ ជាពិសេស​ជំរុញកិច្ចសហការលើការចិញ្ចឹមសត្វ ឡូជីស្ទិក​ ដឹកជញ្ជូន​ កែច្នៃកសិផល កសិពាណិជ្ជកម្ម និងការនាំចេញ–នាំចូល

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសម្របសម្រួលទំនាក់ទំនងធុរកិច្ច (Business Networking) រវាងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជាជាមួយវិស័យឯកជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ជំរុញវិនិយោគ ក្នុងវិស័យកសិកម្ម ពង្រីកពាណិជ្ជកម្ម និងអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មឲ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រទេសកម្ពុជានិងឡាវ។ 

កិច្ចប្រជុំនេះមានការចូលរួម ពីក្រុមហ៊ុន WorldBridge Group ក្រុមហ៊ុនវិរៈ ប៊ុនថាំ  និងក្រុមហ៊ុនមួយចំនួនទៀតនៅកម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចំនួន ៧ទៀត ដែលប្រកបធុរកិច្ចលើការនាំចេញ នាំចូលកសិផលកសិកម្ម ការធ្វើផលិតកម្មកសិកម្ម ចិញ្ចឹមសត្វ ឡូជីស្ទិក និងការដឹកជញ្ជូន។ លោកបានស្នើឱ្យតំណាងក្រុមហ៊ុននៃប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងគ្នា ដើម្បីស្វែងយល់ពីគ្នាបន្ថែម និងចាប់ដៃប្រកបធុរកិច្ចជាមួយគ្នាផងដែរ។

នាឱកាសនេះ លោកអនុរដ្ឋលេខាធិការ បានរំលេចអំពីការសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានបង្ហាញពីការពង្រឹងទំនាក់ទំនងអាជីវកម្ម និងការវិនិយោគក្នុងវិស័យកសិកម្ម។ 

ជាមួយគ្នានេះដែរ លោកបានលើកឡើងអំពីតួនាទីសំខាន់របស់ក្រុមហ៊ុនកម្ពុជា–ឡាវ ដែលជំរុញកិច្ចសហការលើកសិកម្ម ការដឹកជញ្ជូន ការកែច្នៃកសិផល កសិពាណិជ្ជកម្ម និងការនាំចេញ–នាំចូល មានដូចជាសាច់គោ មាន់ ទា ស៊ុត មៀន ចេក និងទុរេន ជាដើម។ ជាពិសេស គឺការសម្របសម្រួលជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទីបីដោយផ្តោតលើសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃដដែលនេះ ក្នុងកិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរ៕ដោយ​៖តារា​


ចែករំលែក៖