ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​៖​ បន្តិចទៀត យើងនឹងអាចនាំចេញកសិផលទៅចិនឆ្លងកាត់ទឹកដីឡាវតាមផ្លូវគោកបានហើយ!

ចែករំលែក៖

កម្ពុជា​-ឡាវ​៖​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួម​អបអរសាទរ! បន្តិចទៀត យើងនឹងអាចនាំចេញកសិផលទៅចិនឆ្លងកាត់ទឹកដីឡាវតាមផ្លូវគោកបានហើយ! 👏🌾🥬👨‍🌾👨‍🌾🇰🇭។ 

យោងតាម​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងថា​ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) ដែលទើបចុះហត្ថលេខានៅចំពោះមុខរដ្ឋមន្ត្រីកសិកម្មឡាវនិងកម្ពុជា​ កាលពីព្រឹកថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦ នឹងបើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ។ 

នេះគឺជាសមិទ្ធផលថ្មីមួយក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្មនៃប្រទេសទាំង២។ 

ជាមួយគ្នានោះ​ នារសៀលថ្ងៃទី២៥​ ខែមករា​ដដែរ​ លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានបន្តអញ្ជេីញនាំ​លោកបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ ធ្វេីដំណេីរទស្សនកិច្ច​ នៅរោងចក្រ​ហ្គោលដេនរ៉ាយស៍​(Golden Rice) ខេមបូឌា​ ខូអិលធីឌី ស្ថិតនៅខេត្តកំពង់ស្ពឺ។

ក្នុងការចុះពិនិត្យនេះដែរ លោករដ្ឋមន្រ្តី​ទាំងពីររូប​ បានអញ្ជេីញចុះពិនិត្យ​ពីការកែច្នៃស្រូវអង្ករ ចាត់តាំងពីដំណាក់កាលដំបូង​ សម្ងួត​ កិន​ ការគ្រប់គ្រងគុណភាព វេចខ្ចប់ជាផលិតផលសម្រេច​ សម្រាប់ដាក់លក់ក្នុងស្រុក​ និងនាំចេញទៅក្រៅប្រទេស​ ប្រកបដោយគុណភាព​ ស្តង់ដាអនាម័យ​ និងសុវត្ថិភាពខ្ពស់​៕ដោយ​៖តារា​


ចែករំលែក៖