ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេ​បណ្ដាលឲ្យឆេះឃ្លាំង​ខូចខាតទ្រព្យសម្បតិ្តបន្តិចបន្តួច តែបង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យបណ្ដាលឲ្យឆាបឆេះរបស់របរនៅក្នុងឃ្លាំង ហើយបានចេញជាផ្សែងហ៊ុយខ្មួលខ្មាញ់ចេញមកខាងក្រៅ ធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិចេញមកមើល ហើយរាយការណ៍ បន្តទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែលទីតាំងនៅក្នុងឃ្លាំងធ្វើទ្វារមួលមួយកន្លែង ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្ដីបុរសឈ្មោះហាង គួង ភេទប្រុស អាយុ៦៥ឆ្នាំ ដែលជាម្ចាស់ឃ្លាំងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ដោយនៅពេលល្ងាច មានកម្មករធ្វើទ្វារមួល បានទុកប៉ុសផ្សាចោលដោយមិនបានដកដុយ ហើយប៉ុសផ្សានោះ នៅក្បែរនឹងខ្សែភ្លើងទៀត ទើបធ្វើឲ្យប៉ុសផ្សានោះផ្ទុះឆេះតែម្ដង ។

ប្រភពបានបន្តទៀតថា ការដែលផ្ទុះឆេះប៉ុសផ្សានោះ គឺមិនដឹងកើតឡើងនៅពេលណានោះទេ ទើបនៅម៉ោង៤ជិតភ្លឺ ក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរគ្នា បានឃើញផ្សែងហ៊ុយចេញពីខាងក្នុងឃ្លាំង ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន យករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកដល់កន្លែងកើតហេតុ និងបាញ់ពន្លត់អស់ចំនួន២រថយន្ត ទើបរលត់ទៅវិញតែមម្ដង ។

ប្រភពបញ្ជាក់ថា សម្ភារដែលខូចខាតនោះមានតែប៉ុសផ្សា១ និងខ្សែភ្លើងមួយចំនួនប៉ុណ្ណោះ ដែលសរុបជាទឹកប្រាក់អស់ប្រហែល២០០ដុល្លារ ។ នេះសំណាងហើយ ដែលឆេះតែទ្រព្យសម្បត្តិបន្តិចបន្ទួច ចុះបើឆេះទាំងឃ្លាំងតែម្ដង តើទៅជាយ៉ាងណា ៕ ជីម ភារ៉ា ដង្កោ

img_0068 img_0035 img_0041 img_0052 img_0055


ចែករំលែក៖