ភ្នំពេញ ៖ គូស្នេហ៍មួយគូ ក្រោយពីស្រឡាញ់គ្នាចិត្ត និងចិត្ត បានគ្នាជាប្តីប្រពន្ធរយះពេល៨ឆ្នាំ បានកូនស្រី១ ជាចំណងស្នេហ៍ ស្រាប់តែប្រែជាបែកចិត្ត ប្រពន្ធសម្រេចចិត្ត រត់មកសុំការអន្តរាគមន៍ពីសមត្ថកិច្ច ដោយសារទ្រមរស់នៅជាមួយប្តីលែងបាន ។ ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ភាគីខាងប្រុស ឈ្មោះមាស វុន អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិបួសឃុំស្វាយៀន ស្រុកកំពង់រោទ៍ ខេត្តដ្វាយរៀង ។ ភាគីខាងស្រីឈ្មោះ តុង មករា អាយុ៣៥ឆ្នាំ មុខរបរជាមេផ្ទះ ។ ប្តីប្រពន្ធខាងលើមានកូនស្រីម្នាក់រស់នៅក្នុងបន្ទុកគ្រួសារ ។
តាមបុរសជាប្តីបានឲ្យដឹងថា ខ្លួនបានស្រឡាញ់នារីខាងលើ ដោយខ្លួនឯង ហើយបានព្រមព្រៀងចាប់ដៃគ្នាជាប្តីប្រពន្ធបានរយះពេល៨ឆ្នាំ មានកូនស្រី១នាក់ តែក្នុងរង្វង់គ្រួសារត្រូវបានប្រេះស្រាំ រស់នៅមិនចុះសម្រុងគ្នា ដោយសារសាច់ញាតិខាងប្រពន្ធមករស់នៅជាមួយ ហើយមិនជួយរកគិតតែដេកស៊ី ទើបចេះតែរកាំរកួសនឹងគ្នារហូតមក ។
តែបើតាមស្រ្តីជាប្រពន្ធវិញ បានប្រាប់ថា មូលហេតុដែលគាត់រត់មកសុំអន្តរាគមន៍ពីសមត្ថកិច្ចនេះ គឺដោយសាលោកប្តីខាងលើឲ្យតែផឹកស៊ីស្រវឹង តែងតែមករករឿងគាត់ដោយជេរប្រមាថ ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត គំរាមកំហែងសព្វបែបយ៉ាង ។
ស្ត្រីដដែលបានប្រាប់ទៀតថា កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ គាត់បានមកប៉ុស្តិ៍ម្តងហើយ ដោយពេលនោះ សមត្ថកិច្ចបានឲ្យប្តីគាត់ធ្វើកិច្ចសន្យាជាលាយល័ក្ខណ៍អក្សរ ពេលផឹកស៊ីស្រវឹងមិនឲ្យទៅរករឿងប្រពន្ធកូនឡើយ តែទើបបាន១ថ្ងៃប៉ុណ្ណោះប្តីខាងលើផឹកស៊ីស្រវឹង បែរជាមករឿងប្រពន្ធកូនដដែល ទើបគាត់មកប៉ុស្តិ៍ម្តងទៀត លើកនេះ គាត់សុំលែងលេះតែម្តង ។
បើតាមមន្រ្តីនគរបាលវិញបានឲ្យដឹងថា រឿងរ៉ាងទំនាស់បែកបាក់ហិង្សាក្នុងគ្រួសារខាងលើ សមត្ថកិច្ច បានព្រមានទៅលើបុរសជាប្តីឲ្យឈប់ផឹកស៊ីស្រវឹងទៅរករឿងប្រពន្ធកូនទៀត តែការដែលភាគីខាងប្រពន្ធសុំលែងលះគ្នានោះ សមត្ថកិច្ចមិនហ៑ានទទួលទេ គឺអោយភាគីប្តីប្រពន្ធខាងលើ ទៅជួបខាងសាលាសង្កាត់វិញ ។
ក្នុងករណីខាងលើនេះ គេសង្កេតឃើញថា ភាគីខាងប្រពន្ធ គឺទាមទារសុំលែងលេះ និងប្តីដាច់ខាតតែម្តង ដោយសំអាងថា រស់នៅមិនចុះសម្រុងគ្នា និងតែងតែធ្វើបាបមកលើផ្លូវកាយ និងផ្លូវចិត្តនាងរហូត ចំណែកខាងប្តីវិញបានប្រាប់ថា គាត់មិនព្រមលែងទេ ដោយសារតែអាណិតកូន ប៉ុន្តែគាត់ព្រមលែង លុះត្រាខាងប្រពន្ធឲ្យលុយគាត់ខ្លះ ទើបព្រម ៕ តុង សីហា