ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីសិស្សម្នាក់ បានបាត់ដោយគ្មានដំណឹង ខណៈរូបនាង ទៅសាលា ឪពុកម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានមកដាកប់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកឲ្យត្រឡប់មកផ្ទះវិញ បើទោះជាខុសឆ្គងយ៉ាងណា ឪពុកម្តាយមិនប្រកាន់ឡើយ ។
លោកអនុសេនីយឯក ពៅ នឿន អធិការរងនគរបាល ស្រុកភ្នំស្រួច ប្រាប់តាមទូរស័ព្ទឱ្យដឹងកាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ថា ក្មេងស្រីសិស្សសាលាដែលបាត់ខ្លួននោះ មាន ឈ្មោះ ហ៊ឹម ចាន់ណា ភេទស្រី កើតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៩ ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច មានទីលំនៅភូមិក្រាំងខ្ជាយ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះហ៊ុន ថង និងម្តាយឈ្មោះ ផាន់ រឿន ពួកគាត់ជាកសិករ ។
លោកអធិការរងបន្តថា តាមការសាកសួរឪពុកម្តាយនាងបានបំភ្លឺថា កាលពីព្រឹកថ្ងៃទី១១ ខែតុលា ក្មេងស្រីខាងលើ បានទៅសាលារៀនជាមួយមិត្តភក្តិ ហើយមិនឃើញត្រឡប់មកផ្ទះវិញ ព្រមទាំងគ្មានដំណឹងអ្វីបន្តិចសោះថា ។ តែបើផ្អែកតាមការសាកសួរមិត្តភក្តិរបស់នាងបានបំភ្លឺថា កាលពីមុនពេលបាត់ខ្លួន គេឃើញបុរសម្នាក់បានមកឌុបនាងពីមុខសាលា តែមិនដឹងថា ជានរណានោះទេ ។
លោកអធិការបានបន្តទៀតថា រហូតមកដល់ពេលនេះសូម្បីដំណឹងថា នាងនៅកន្លែងណាជាមួយអ្នកណា ក៏គ្មានដែរ មូលហេតុនេះ ហើយ ទើបធ្វើឲ្យអាណាព្យាបាលរបស់នាង មានការព្រួយបារម្ភពីសុវត្ថិភាពរបស់កូនស្រីរបស់ខ្លួនជាខ្កាំង ។ ម្យ៉ាងខ្លាចមានជនល្មើសចាប់យកទៅធ្វើបាប ឬក៏ល្បួងចង់បានខ្កួនប្រាណហើយយកទៅលក់នៅកន្លែងណាមួយ ។
ប៉ុន្តែមជ្ឈដ្ឋាននានា មានការសង្ស័យសិស្សស្រី ឈ្មោះ ហ៊ឹម ចាន់ណា ទៅជាមួយសង្សាររបស់នាង ដើរលេងជ្រុលមិនហ៊ានចូលផ្ទះ ព្រោះខ្លាចឪពុកម្តាយស្តីបន្ទោស ។តាមរយៈលោកអធិការរង ឪពុកម្តាយនាង ក៏បានផ្តាំផ្ញើឲ្យកូនវិលមកផ្ទះវិញ បើទោះជាកូនខុសឆ្គងដោយប្រការណាមួយ គឺឪពុកម្តាយមិនប្រកាន់ទោសនោះឡើយ ។
ជំនួសមុខឲ្យឪពុកម្តាយរសប់ក្មេងស្រីបាត់ខ្លួនលោក ពៅ នឿន ក៏ បានអំពាវដល់គ្រប់ប្រជាពលរដ្ឋ និងសមត្ថកិច្ចគ្រប់ស្ថាប័ន ប្រសិនបើប្រទះឃើញក្មេងស្រីដូចក្នុងភូមិថតនេះ មេត្តាជួយផ្តល់ព័ត៌មានតាមរយៈលេខ ទំនាក់ទំនង 097 72 31 331ផង ព្រោះអាព្យាបាលកំពុងព្រួយបារម្ភជាខ្លាំង ៕ សេនាស័ក្តិ