ភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តហាយប្រ៊ីដក្នុងល្បឿនយ៉ាងលឿន បុករថយន្តហាយឡែនឌ័រ កំពុងបត់ពេញទំហឹងចំពីចំហៀងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អមិនអ្នករងរបួស ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ចំណុចមុខធនាគារ FTB (ផ្លូវភ្លោះកាណាឌីយ៉ា) តាមបណ្តោយផ្លូវ១១៤ កែងនឹងផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តហាយប្រ៊ីដ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២AC-៦៧៤៨ បើកតាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ដោយម្ចាស់ទំនងជាស្រវឹងស្រា ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២W-៧៦៩១ បើកតាមបណ្តោយផ្លូវលេខ៥៣ ទិសដៅពីត្បូងទៅជើង ហើយបានបត់ស្តាំ ខណៈកំពុងបត់ ស្រាប់តែរថយន្តហាយប្រ៊ីដ បុកចំពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស ។
ភ្លាមនោះ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ប៉ុន្តែភាគីទាំង២បានសម្របសម្រួលគ្នា ដោយខាងរថយន្តហាយប្រ៊ីដ យករថយន្តហាយឡែនឌ័រ ទៅជួសជុលឲ្យវិញ ហើយភាគីម្ខាងទៀត ក៏យល់ព្រមដើម្បីបញ្ចប់រឿងមិនរំខានដល់សមត្ថកិច្ច ៕ ព្រែកជ័យ