ខេត្តកណ្តាល ÷ ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក ចេញមកវិញមិនកែប្រែ ហើយបែគំរាមថានឹងសម្លាប់,កាប់បំផ្លាញម៉ូតូក្មួយប្រុស ខឹងព្រោះក្មួយហ៊ានចូលទៅឃាត់លោកមា (ពូ)កំពុងទាស់គ្នាជាមួយសង្សារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្មួយ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៣ ថ្ងៃ ទី០៣ខែកុម្ភ:ឆ្នាំ២០២៦ នៅចំណុចរោងម៉ាស៊ីនបូមទឹកខ្នងទួល ស្ថិតនៅក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមាន
ឈ្មោះ មន គឹមលាង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ត្រូវជាក្មួយ) ចំនែកជនសង្ស័យមានឈ្មោះ មន គង្គា (ត្រូវជាមា ) អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាននូវសារធាតុញៀន (+) និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក ករណីរក្សាទុកប្រើប្រាស់និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ អ្នកទាំងពីរមានទីលំនៅជាមួយគ្នាក្នុងភូមិកណ្ដាល ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាបយក រួមមាន: កាំបិតដងដែកប្រវែង ជិតកន្លះម៉ែត្រ ( ០,៤៧ មែត្រ) , ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1- JP-8249 ជារបស់ជនរងគ្រោះរងការខូចខាត ។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ។ នៅវេលាកើតហេតុ ជនសង្ស័យ (លោកមា)បានឈ្លោះប្រកែកគ្នាជាមួយសង្សារហូតប្រើអំពើហិង្សា ខណ:ពេលនោះ ជនរងគ្រោះ(ជាក្មួយ) បានចូលទៅឃាត់ ជនសង្ស័យកុំឲ្យឈ្លោះគ្នាជាមួយសង្សារ ស្រាប់តែជនសង្ស័យ បានខឹងនិងជនរងគ្រោះ រួចក៏បានស្ទុះទៅធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យដួលថែម ទាំងបានជាន់និងចាប់កាច់បំបាក់ស្លាកលេខម៉ូតូចោល។ បន្ទាប់មកជនសង្ស័យក៏បានកាន់កាំបិតមក កាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតយ៉ាងដំណំ រួចបានស្រែកគំរាមកំហែងថានឹង កាប់សម្លាប់ជនរងគ្រោះចោលថែមទៀត ហើយជនសង្ស័យក៏បោះកាំបិតចោលទៅក្នុងដីស្រែបាត់។ ដោយមានការភ័យខ្លាចជនរងគ្រោះ ជាក្មួយ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវឱ្យជួយអន្តរាគមន៍ ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំ រឿងតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច