ភ្នំពេញ ៖ ក្រោយពីសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយពីចំណាត់ការដ៏ក្តៅគគុក របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្នុងការដាក់បទបញ្ជាបើកការស្រាវជ្រាវជាបន្ទាន់ លើករណី ហាងលក់ម៉ូតូមួយចំនួន ដែលរកស៊ីខុសច្បាប់ ធ្វើស៊ីប្រជាពលរដ្ឋកន្លងមក។
ប្រភពព័ត៌មានដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះពី ជនរងគ្រោះម្នាក់ទៀតហើយ ឈ្មោះ យ៉ុន ម៉ក់ ភេទប្រុស មានទីលំនៅបច្ចុប្បន្នផ្ទះនៅភូមិ ក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ប្រជាពលរដ្ឋចូលបញ្ចេញមតិជាច្រើន ដើម្បីសុំកិច្ចអន្តរាគមន៏ លើករណីរងគ្រោះដោយសារ ហាងលក់ម៉ូតូមួយចំនួន ដែលគប់គិតគ្នាបង្កើតកាតគ្រីក្លែងក្លាយ ត្រូវបានក្រុមហ៊ុនបង់រំលោះរឹបអូសយកវិញ។
ជាក់ស្ដែងដូចករណីប្អូនប្រុស យ៉ុន ម៉ក់ មានទីលំនៅភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរៀបរាប់ប្រាប់មកសារព័ត៌មាន នៅរសៀលថ្ងៃទី05 ខែកុម្ភៈឆ្នាំ 2026 នេះថា÷ ប្អូនប្រុសបានទិញម៉ូតូ1គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2022 ដែលមានផ្លាកលេខ ភ្នំពេញ 1JQ 8199 ក្នុងតម្លៃ 1890$ ពីឈ្មោះ មាស ស្រីមុី ភេទស្រី មុខរបរ លក់ដូរម៉ូតូ ដែលមានអាសយដ្ឋាននៅ សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ2023។
ប្អូនប្រុសរងគ្រោះបានរៀបរាប់បន្តទៀតថា ក្រោយពីបានទិញម៉ូតូពីហាងលក់ម៉ូតូនៅឃ្លាំងរំសេវ ជិះអស់រយៈពេលជិតបីឆ្នាំ ត្រូវបានក្រុមហ៊ុនបង់រំលោះ មកដកយកម៉ូតូវិញនៅថ្ងៃទី 08 ខែមករា ឆ្នាំ 2026 នៅកន្លែងធ្វើការ ដោយបញ្ជាក់ប្រាប់ថា ម៉ូតូនៅពាក់ព័ន្ធក្នុងបញ្ជីបង់រំលស់នៅឡើយ។
ក្រោយពីពេលកើតហេតុប្អូនប្រុសឈ្មោះ យ៉ុង ម៉ក់ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់៣ កាលពីថ្ងៃទី 13 ខែមករា ឆ្នាំ 2026 រហូតមកទាល់ពេលនេះ ជនរងគ្រោះនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។
ជនរងគ្រោះឈ្មោះ យ៉ុន ម៉ក់ បានទទូចស្នើសុំដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមជួយបើកការស្រាវជ្រាវស៊ើបអង្កេតអន្តរាគមន៍លើករណីខាងលើនេះ ដោយក្តីអនុគ្រោះផង។
សូមរំលឹកថា ក្រោយពេលឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជា អោយបើកការស្រាវជ្រាវជាបន្ទាន់លើករណី ហាងលក់ម៉ូតូមួយចំនួនដែលរកស៊ីខុសច្បាប់ធ្វើសុីប្រជាពលរដ្ឋកន្លងមក។ជាលទ្ធផលឃើញថា ជនរងគ្រោះជាច្រើនទទួលបាន ដំណោះស្រាយ និងភាពយុត្តិធម៌ជាបន្តបន្ទាប់៕ដោយ÷ចន្ទ លីហ្សា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច