(ភ្នំពេញ)៖ ស្ត្រីខ្មែរឥស្លាមម្នាក់ឈ្មោះ សារី រ៉ូហ៊ីណា អាយុ២៧ឆ្នាំ ជាអ្នកស្រុកឆ្លូង ខេត្តក្រចេះ មានផ្ទៃពោះ៦ខែទៅហើយ បានកើតទុក្ខមិនសុខចិត្ត ដេកមិនលក់បក់មិនរហើយ ក្រោយទិញម៉ូតូជិះជិត៤ឆ្នាំត្រូវ បុគ្គលិកក្រុមហ៊ុនបង់រំលស់ «ឆាយលីស រ៉ូយ៉ាល់ហ្វាយនែន» ទាមទារ និងចង់ដកហូតម៉ូតូយកទៅ។
ស្រ្តីខ្មែរឥស្លាមរូបនេះ បានប្រាប់ភ្នាក់ងារព័ត៌មានថា គាត់ខំសន្សំលុយប្រមូលស្រូវលក់ទំរាំទិញបានម៉ូតូ១គ្រឿងខាងលើនេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ពីហាងលក់ម៉ូតូ១កន្លែងនៅឃ្លាំងឈ្មោះ ប៊ុន ស៊ីថា តម្លៃ១៩៨០ដុល្លារ ប៉ុន្តែម៉ូតូមួយគ្រឿងនេះជាម៉ូតូដែលគេកំពុងបង់រលស់ ហើយយកទៅដាក់បញ្ចាំ តែម្ចាស់ឃ្លាំងបែរយកម៉ូតូមួយគ្រឿងនេះ មកលក់ម៉ូតូឲ្យប្រជាពលរដ្ឋជាមួយការលួចធ្វើកាតគ្រីក្លែងក្លាយទៀតផង។
ដល់ថ្ងៃខែធ្នូ ឆ្នាំ២០២៥ ពូរបស់គាត់ បានខ្ចីជិះក៏ជួបបុគ្គលិកក្រុមហ៊ុនបង់រំលស់ «ឆាយលីស រ៉ូយ៉ាល់ហ្វាយនែន» ថា ជាម៉ូតូជាប់បង់រំលស់នៅក្រុមហ៊ុនមានទាំងកាតគ្រីហ្ស៊ីនផងដែរ។ បុគ្គលិកក្រុមហ៊ុន បានទាមទារឲ្យយកម៉ូតូប្រគល់ជូនក្រុមហ៊ុនវិញ បើចង់បានម៉ូតូហ្នឹងត្រូវបង់លុយ ១៥០០ដុល្លារ ទើបក្រុមហ៊ុនប្រគល់ម៉ូតូ និងកាតគ្រីហ្ស៊ីនជូន។
ពាក់ព័ន្ធនឹងករណីក្លែងបន្លំឆបោកលក់ម៉ូតូកាតគ្រីក្លែងក្លាយខាងលើនេះ ស្រ្តីរងគ្រោះសូមសំណូមពរដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បើកការស្រាវជ្រាវ និងបង្ក្រាបចាប់បុគ្គលទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងចុះ។
សម្រាប់ការលួចធ្វើកាតគ្រីក្លែងក្លាយនេះ សូមមន្រ្តីជំនាញ ជាពិសេសមន្រ្តីសាធារណការ ត្រូវសហការជាមួយសមត្ថកិច្ច បើកការស្រាវស្រាវ ហើយឈានដល់ការបង្ក្រាបឲ្យដល់ឬសគល់ កុំឲ្យពលរដ្ឋរបស់យើងក្លាយជាជនរងគ្រោះជាបន្តបន្ទាប់បែបនេះ៕ដោយ÷ចន្ទ លីហ្សា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច