ព័ត៌មានទាន់ហេតុការណ៍៖

សួនបន្លែសុវត្ថិភាព សមាគមកាយឫទ្ធិនារីកម្ពុជា នៅស្រុកប្រាសាទបាគង ប្រមូលផលលើកទី៣ ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខេត្ដសៀមរាប និងអាជ្ញាធរស្រុកប្រាសាទបាគង ព្រមទាំងសមាគមកាយឫទ្ធិនារីកម្ពុជា ក្រុមយុវជន សសយក អ្នកជំនាញកសិកម្ម និងសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនទៀត នៅថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៦ បានសហការគ្នាប្រមូលទិន្នផលបន្លែ សមាគមកាយឫទ្ធិនារីកម្ពុជា ជាលើកទី៣ ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅមណ្ឌលភៀសសឹកមួយចំនួន ក្នុងខេត្ដ សៀមរាប។ សួនបន្លែសុវត្ថិ ភាព សមាគមកាយឫទ្ធិនារីកម្ពុជានេះ ស្ថិតនៅស្ថិតនៅភូមិត្រាង ឃុំកណ្ដែកស្រុកប្រាសាទ បាគង។

      លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង  បានបញ្ជាក់ថា៖ ដោយអនុវត្តតាមការផ្ដួច ផ្ដើមបំផុសចលនាដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា បានដាំបន្លែ នៅស្រុកប្រាសាទបាគងប្រមាណ២ហិកតា ដែលមកដល់ពេលនេះ បានទទួលបានផលជាបន្តបន្ទាប់ និងចែកជូនប្រជាពលរដ្ឋភៀសសឹក ជា លើកទី៣ហើយ។ លោកបានបន្ដថាបន្លែទាំងនេះ មានត្រគួន ផ្ទី ស្ពៃតឿ និងស្ពៃខៀវ ដែលឥឡូវនេះ បានទទួលផល និងមួយសប្ដាហ៍ប្រមូលម្ដង។ លោកបន្ថែមថា ការដំាបន្លែសម្រាប់ផ្គត់ផ្គង់ដល់ជនភៀសសឹកនេះនឹងបន្ដដាំបន្ថែមទៀត ព្រម ទាំងគម្រោងដាំពោត នៅជុំវិញរងបន្លែផងដែរ។

      សូមបញ្ជគ់ថា៖ សួនសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្ដសៀមរាប សហការជាមួយអាជ្ញាធរស្រុកប្រាសាទបាគង និងក្រុមការងារបច្ចេកទេសក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ នៅលើផ្ទៃដីប្រមាណ២ហិកតា ស្ថិតនៅស្រុកប្រាសាទបាគង បានចាប់ផ្ដើមរួមគ្នាដាំបន្លែបង្កា កាលពីចុងខែធ្នូឆ្នាំ២០២៥កន្លងមក ដែលមកដល់ពេលនេះបានទទួលផលចំនួន៣ ហើយ ដើម្បីផ្គត់ផ្គង់តម្រូវការស្បៀងប្រចាំថ្ងៃ និងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋភៀសសឹកនៅខេត្ដសៀមរាប ៕

 ដោយ៖  សំរិត


ចែករំលែក៖