ភ្នំពេញ ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានលើកឡើងថា ៖ អ្នកសារព័ត៌មាន គឺជាតួអង្គដ៏សំខាន់ក្នុងការតាមដាន និងឃ្លាំមើលបញ្ហាសង្គម ជាពិសេសចំណុចអសកម្ម ឬអវិជ្ជមាន ដើម្បីជំរុញឱ្យមានការកែប្រែ និងធ្វើឱ្យប្រសើរឡើង។
លោក ពុយ គា បន្តថា ៖ ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានមួយចំនួនតូច ពេលខ្លះអាចសរសេរព័ត៌មានដោយផ្អែកលើពាក្យសំដី ឬដំណឹងដែលខ្លួនទទួលបាន ដោយខ្វះការផ្ទៀងផ្ទាត់ ឬការថ្លឹងថ្លែងពាក្យពេចន៍តាមបែបវិជ្ជាជីវៈ។ ការខ្វះការយកចិត្តទុកដាក់បែបនេះ អាចនាំឱ្យមានការប្តឹងផ្តល់តាមផ្លូវច្បាប់ ឬតម្រូវឱ្យធ្វើការកែតម្រូវភ្លាមៗ។ ការតម្រូវឱ្យកែអត្ថបទដែលផ្សាយខុស ឬការប្តឹងទៅតុលាការ គឺជាវិធានការសកលដែលត្រូវបានអនុវត្តជាទូទៅ។
ប្រសិនបើអ្នកសារព័ត៌មានរូបណាមួយត្រូវបានរកឃើញថាមានកំហុសជាបន្តបន្ទាប់ វិធានការទាំងពីរនេះអាចធ្វើឱ្យគាត់បាត់បង់ជំនឿទុកចិត្តពីមហាជន ហើយកេរ្តិ៍ឈ្មោះរបស់គាត់ក៏អាចរងការខូចខាតក្នុងសង្គមអ្នកសារព័ត៌មានផងដែរ។ ក្នុងករណីខ្លះ បុគ្គលនោះអាចត្រូវបានស្ថាប័នរបស់ខ្លួនបណ្តេញចេញពីការងារ។
ចំណែកវិធានការផ្សេងពីនេះ ដូចជាការចាប់ខ្លួន ហើយពេលខ្លះរហូតដល់វាយខ្នោះ ក្នុងករណីដែលមិនមែនជាបទល្មើសជាក់ស្តែង នឹងបង្កឱ្យមានផលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន ហើយធ្វើឱ្យរូបភាពរបស់ប្រទេសទាំងមូលរងការខូចខាតបន្ថែមទៀត ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន។
សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូល…៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច