ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងចម្រុះខណ្ឌដង្កោ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ២១៧ មុខវត្តសំបួរ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀន ហើយជិះម៉ូតូ ឆ្លងកាត់បារ៉ាស ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកស៊ីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចត្រួតពិនិត្យជនសង្ស័យជិះម៉ូតូយឺតៗ ក្នុងគោលបំណងបំភ័ណ្ឌ ភ្នែកសមត្ថកិច្ច ។ តែដោយសារមានការសង្ស័យ សមត្ថកិច្ចក៏ឆែកកាបូបលុយ ក៏ប្រទះឃើញ មានគ្រឿងញៀន១កញ្ចប់ធំ ហើយជនសង្ស័យនិយាយថា រូបគេទិញពីម្តុំពេទ្យលោកសង្ឃ ហៅពេទ្យព្រះកុសមៈ ក្នុងតម្លៃ២០ដុល្លារ ។ រីឯជនសង្ស័យម្នាក់ទៀត មាន១កញ្ចប់តូចផ្សេងគ្នា ហើយភ្លាមនោះ សមត្ថកិច្ច ក៏បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរ និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។
គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក តិម៉ា សោភា អភិបាលរងខណ្ឌដង្កោ និងលោកវរសេនីយ៍ ឈឹម ប៊ុនរត័្ឋ អធិការរងនគរបាលខណ្ឌដង្កោចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅលើកំណាត់ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ៕ តាឡឹម