ព័ត៌មានទាន់ហេតុការណ៍៖

ACU បញ្ជូនជនសង្ស័យ២នាក់ដាក់ពន្ធនាគារ នៅខេត្តកំពង់ឆ្នាំងវិញក្រោយបញ្ចប់ការសួរនាំ ពាក់ព័ន្ធករណីឈូសឆាយដីតំបន់៣ នៅស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីបទ ល្មើសឈូសឆាយទន្ទ្រានដីតំបន់៣ ជាច្រើនហិកតា នៅចំណុចតាតុន (កោះបូ) ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាល ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។

បន្ទាប់ពីសាកសួរនៅសាលាដំបូងខេត្តកំពង់ឆ្នាំងរួចមក ជនទាំង២នាក់នេះត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីសាកសួរបន្តផងដែរ។

នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជនសង្ស័យទាំង២នាក់ ត្រូវបានអង្គភាពACU បញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងវិញ និងបានបញ្ជូនបន្តទៅ កាន់ព័ន្ធនាគារខេត្តកំពង់ឆ្នាំង តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ១៦៩ “ញ”ដ.ឃ.ដ ចុះថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង២នាក់នេះរួមមាន៖*ទី១៖ ឈ្មោះ យ៉ន ចិន្តា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប៉ ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ជននេះធ្លាប់ជាប់ ពន្ធនាគារ៦ខែពីបទ៖ នេសាទដោយប្រើឧបករណ៍ឆក់។*ទី២៖ ឈ្មោះ ហូយ ហ៊ីម ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅ ក្រមស៊ើបសួរសាលា ដំបូងខេត្តកំពង់ឆ្នាំង ជនទាំង២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ៖ សម គំនិតក្នុងអំពើរបំផ្លាញ និងគៃបំបាត់ ទន្ទ្រាន ហ៊ុមព័ទ្ធ រុករានកាន់កាប់ ដុតកាប់ឆ្ការ ឈូសឆាយ ឬផ្ដួលរលំព្រៃលិចទឹក។ ជាបទ ល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៩៨ នៃច្បាប់ស្ដីពីជលផល។

ដីការបង្គាប់ឱ្យឃុំខ្លួនខាងលើនេះចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទទាំង២នាក់ ដែលមានឈ្មោះ យ៉ន ចិន្តា និងឈ្មោះ ហូយ ហ៊ីម ទៅ កាន់ពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយអនុវត្តឱ្យបានត្រឹម ត្រូវតាមនីតិ វិធីច្បាប់ និងបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង ទទួល និងឃុំខ្លួនជនទាំង២នាក់នេះ រហូត ដល់មានសេចក្តីសម្រេចផ្សេងពីនេះផងដែរ៕


ចែករំលែក៖