ខេត្តកណ្ដាល÷បុរសជាសន្តិសុខម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន ត្រូវកម្លាំងនគរបាលក្រុងអរិយក្សត្រតាមប្រដេញ និងឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទដៃពីក្មេងស្រីម្នាក់ដែលកំពុងជិះ កង់តាមដងផ្លូវ។ ហេតុការណ៍ឆក់នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១២ និង ១០ នាទី នៅចំណុចតាមដងផ្លូវក្នុងភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រៀល ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ មានសារធាតុញៀនក្នុងទឹកនោម និងស្នាក់នៅភូមិសង្កាត់កើតហេតុ។ ចំណែកឯកុមារីរងគ្រោះ ឈ្មោះ ចាន់ថន បញ្ញ៉ា ភេទស្រី អាយុ៨ឆ្នាំមុខរបរសិស្ស។ សមត្ថកិច្ចបានបន្តថា វត្ថុតាងដែលកម្លាំងជំនាញចាប់យកបានរួមមាន ម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-4210 ទូរស័ព្ទដៃម៉ាក OPPO ចំនួន ១គ្រឿង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១កញ្ចប់តូច និងកែវសម្រាប់ជក់ថ្នាំ ១ (ជារបស់ជនសង្ស័យ) ព្រមទាំងទូរស័ព្ទដៃម៉ាក iPhone 14 Pro ពណ៌សចំនួន ១គ្រឿង (ជារបស់ជនរងគ្រោះ)។
សមត្ថកិច្ចបានបញ្ជាក់ពីសភាពរឿងហេតុថា នៅវេលាកើតហេតុ កុមារីរងគ្រោះបានជិះកង់ចេញពីផ្ទះលោក យាយសំដៅទៅផ្ទះម្តាយវិញ ដោយមានទូរស័ព្ទម៉ាក iPhone 14 Pro ចំនួន ១គ្រឿង នៅជាប់នឹងខ្លួន។ លុះជិះកង់បានពាក់កណ្ដាលផ្លូវ កុមារីរងគ្រោះក៏បានឈប់កង់រួចដកយកទូរស័ព្ទមកមើល ស្របពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូមកក្បែរ ហើយឆក់យកទូរស័ព្ទរួចជិះគេចខ្លួនទៅបាត់។ ក្រោយមក កុមារីរងគ្រោះក៏បានជិះកង់ទៅប្រាប់ម្ដាយ ហើយម្ដាយក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុងឲ្យជួយអន្តរាគមន៍។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ និងកម្លាំងជំនាញផ្នែកនគរបាលយុតិ្ដធម៌ក្រុងអរិយក្សត្រ បានធ្វើការតាមប្រដេញរហូតឈានទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍។
ប្រភពដដែលបានបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់ទូរស័ព្ទរបស់កុមារីរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុង ប្រយ័ត្ន ជាពិសេសមិនត្រូវបណ្តោយឲ្យកូនចៅតូចៗកាន់ប្រើ ប្រាស់សម្ភារៈមានតម្លៃនៅតាមដងផ្លូវ ឬទីសាធារណៈឡើយ ដើម្បីជៀសវាងបញ្ហាគ្រោះថ្នាក់កើត ឡើងជាយថាហេតុ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច