ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនឃាត់ខ្លួនបុរសម្នាក់ដែលដេញកាប់ឪពុក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានឲ្យដឹងនៅទី១៣ខែមីនានេះថា កម្លាំង​កងរាជអាវុធហត្ថក្រុងច្បារមន​​ បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​​ ករណីបង្កហិង្សាក្នុងគ្រួសារ (ដេញកាប់ឪពុករបស់ខ្លួនឯង​)ដោយមានការប្តឹងតាម រយៈ​លេខទូរសព្ទ​អន្តរាគមន៍​សង្គ្រោះបន្ទាន់​​​១២៩២។

ប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង១២:១០នាទី នាថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៦ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​ HoteLine1292​​​ (២៤ម៉ោងលើ២៤ម៉ោង)​​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួល ការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​​​​ រាយការណ៍​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកូនប្រុសបានធ្វើ សកម្មភាពដេញកាប់ឪពុករបស់ខ្លួន ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម នៅវេលាម៉ោង ១២:៤៥នាទី(ថ្ងៃខែឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងច្បារមន​ បានចុះទៅដល់ទីតាំងកើតកន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។

ជនសង្ស័យមានឈ្មោះ ម៉ន សុខណុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដោយចាប់យកវត្ថុតាងបានរួមមាន កាំបិតផ្គាក់ចំនួន ១ដើម​​​ ដែលជនសង្ស័យបានយកធ្វើសកម្មភាពដេញកាប់។

‎បច្ចុប្បន្នជនសង្ស័យ​ខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕‎


ចែករំលែក៖