ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអរគុណរដ្ឋាភិបាលចិនលុបបំណុល៦០០លានយ័នដែលកម្ពុជាជំពាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជាបានថ្លែងអំណរគុណប្រទេសមហាអំណាចចិនដែលបានលុបបំណុល៦០០ លានយ័នពីកម្ពុជាហើយបន្តជួយកសាង និងអភិវឌ្ឍប្រទេសនេះឲ្យកាន់តែរីកចម្រើនលឿនទៅមុខទៀត។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ។

ការថ្លែងអំណរគុណដល់ប្រទេសមហាយក្សចិននេះបានធ្វើឡើងក្រោយពីរដ្ឋាភិបាលចិនបានសម្រេចលុបបំណុល៦០០លានយ័នដែលកម្ពុជាបានខ្ចីដើម្បីអភិវឌ្ឍប្រទេសកាលពីឆ្នាំ២០១៥ ។ បន្ថែមពីនេះ ចិនក៏បានផ្តល់ជំនួយលើវិស័យយោធា ចំនួន១០០លានយ័នថែមទៀតសម្រាប់ជា កាដូនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង មកប្រទេសកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ ថា «តាមរយៈដំណើរទស្សនកិច្ចផ្លូវការ របស់លោកប្រធានាធិបតីចិន Xi Jinping មកកម្ពុជាពេលនេះគឺបានពង្រឹងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជាតិនៃប្រទេសជាបងប្អូនទាំង២ កម្ពុជា-ចិន ។ កម្ពុជាសូមអរ គុណប្រទេសចិនជាបងប្អូនដែលបានលុបចោលនូវបំណុល៦០០លានយ័នដល់ កម្ពុជា ហើយបន្តជួយកសាងនិងអភិវឌ្ឍ កម្ពុជាឲ្យកាន់តែរីកចម្រើនលឿនទៅមុខទៀត» ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូន ពរលោកប្រធានាធិបតី ស៊ី ជីនពីង និង គណៈប្រតិភូជាន់ខ្ពស់ទាំងអស់អញ្ជើញធ្វើដំណើរមានសុវត្ថិភាពនិងទទួលបានជោគជ័យថ្មីៗជាច្រើនថែមទៀត ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ស៊ី ជីនពីង រួមទាំងគណៈប្រតិភូជាន់ខ្ពស់របស់ចិន បានចាកចេញពីប្រទេសកម្ពុជា ហើយកាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពី បំពេញទស្សនកិច្ច២ថ្ងៃប្រកបដោយផ្លែផ្កាជូនប្រជាជាតិប្រទេសទាំង២ ៕ ហេង សូរិយា

hs-china-1


ចែករំលែក៖