ខេត្តស្វាយរៀង៖ អបអរសាទ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធីសង្ក្រាន្តស្វាយរៀង នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ជាក់ស្តែង រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិភាក្សាលើការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងជំរុញដល់សមាជិកគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើភារកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗចំនួន ៣ គឺ ១.សុវត្ថិភាព និងសណ្ដាប់ធ្នាប់៖ ត្រូវពង្រឹងសន្តិសុខឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកលេងកម្សាន្ត។ ទី២ ភាពសប្បាយរីករាយ៖ រៀបចំឱ្យមានកម្មវិធីកម្សាន្តប្លែកៗ ចម្រុះពណ៌ និងបង្កបរិយាកាសសប្បាយរីករាយក្រៃលែង និងទី៣ គឺការអភិរក្សប្រពៃណី៖ រាល់ការរៀបចំត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា កម្មវិធី «សង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៦» គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ រដ្ឋបាលខេត្តស្វាយរៀង រំពឹងទុកថានឹងមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញមកចូលរួមទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរឆ្នាំថ្មីទាំងអស់គ្នា ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច