ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែងនឹងរៀបចំរថយន្តក្រុង ចំនួន ២០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងស្រុកកំណើតនៅខេត្ត ស្ទឹងត្រែង រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ “ដោយជិះមិនបង់ប្រាក់”

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជូនដំណឹងដល់សាធារណជនក្នុងខេត្តឱ្យបានជ្រាបថា៖ ដើម្បីជួយសម្រួលបន្ទុក ចំណាយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តស្ទឹងត្រែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខ នេះ រដ្ឋបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តស្ទឹងត្រែងនឹងរៀបចំរថយន្តក្រុង ចំនួន ២០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងស្រុកកំណើតនៅខេត្ត ស្ទឹងត្រែង រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ “ដោយជិះមិនបង់ប្រាក់” តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖

ពេលវេលាចេញដំណើរ-ភ្នំពេញ-ស្ទឹងត្រែង-ភ្នំពេញ៖ ចេញដំណើរម៉ោង ៥:៣០ព្រឹក (ពេលវេលាអាច ប្រែប្រួលខ្លះ អាស្រ័យតាមការជាក់ស្តែង)

សម្រាប់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ រថយន្តទាំង ២០គ្រឿងនឹងរង់ចាំដឹកអ្នកដំណើរពីខេត្ត ស្ទឹងត្រែង ត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញដោយគិតចាប់ពីម៉ោង ៥:៣០ព្រឹក។

ទីតាំងចំណត

-នៅរាជធានីភ្នំពេញ៖ ស្ថិតនៅស្ថានីយ៍រថយន្តក្រុង (រង្វង់មូលគួចកាណុង)

-នៅខេត្តស្ទឹងត្រែង៖ ស្ថិតនៅមាត់ទន្លេ (រង្វង់មូលព្រះពិរុណ)។

ជាមួយនឹងការរៀបចំចូលរួមចំណែកសម្រួលដល់ការងារនេះ រដ្ឋបាលខេត្តក៏សូមយកឱកាសនេះដើម្បី អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរមកកាន់ខេត្តស្ទឹងត្រែងទាំងអស់សូមរក្សា ឱ្យបាននូវថ្លៃដឹកជញ្ជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តក្នុងការជួយសម្រាលដល់បន្ទុកចំណាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង (City Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុខភាព៕

ដោយ : សិលា


ចែករំលែក៖