ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ត្រីងួន គឿន ស្នងការនគរបាលខេត្តរតនគិរី លោក ឃុំ សុខន ប្រធានក្រុមប្រឹក្សាស្រុកបរកែវ និងលោក រចំ ទៀន អភិបាលរងស្រុកបរកែវ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នៅអធិការដ្ឋានស្រុកបរកែវ ខេត្តរតនគិរី ។
នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីលោក វរសេនីយ៍ឯក ឆេងសុភា បានអានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដោយក្នុងនោះ ផ្ទេរភារកិច្ចលោកអនុសេនីយ៍ឯក សោម ចាន់ដារ៉ា ពីអធិការរងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកអធិការរងស្រុកបរកែវខេត្តរតនគិរី ។
រីឯមន្ត្រីនគរបាលត្រូវតម្លើងឋានន្តរស័ក្តិមានអនុសេនីយ៍ទោ ៣នាក់ អនុសេនីយ៍ត្រី២នាក់ ព្រិន្ទបាលឯក៣នាក់ ព្រិន្ទបាលទោ៣នាក់ ពលបាលឯក១នាក់ និងថ្នាក់ពលបាលទោ៣នាក់ ។
មានមតិផ្តាំផ្ញើក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានលើកឡើងពីការខិតខំប្រឹងប្រែងធ្វើការងាររបស់កម្លាំងនគរបាលស្រុកបរកែវ មានស្នាដៃល្អ នាពេលកន្លងមក ហើយការតម្លើងស័ក្តិថ្ងៃនេះគឺជាការខិតខំរបស់បងប្អូន ។
ដោយឡែកការផ្ទេរភារកិច្ចរបស់លោក សោម ចាន់ដារ៉ា មកទីនេះ ដើម្បីប្រសិទ្ធភាពការងារថែមទៀត ព្រោះអង្គភាពមានការមមាញឹក ដូចជាចូលរួមការពារមណ្ឌលបោះឆ្នោត ឃុំ-សង្កាត់ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ ។
លោក ឧត្តមសេនីយ៍ត្រី ងួន គឿន បានណែនាំឲ្យលោកអធិការរងទើបផ្លាស់មក និងមន្ត្រីនគរបាលទើបតម្លើងឋានន្តរស័ក្តិត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អគោរពឋានានុក្រមគោរពវិន័យនគរបាលជាតិធ្វើការបម្រើជាតិបម្រើប្រជាពលរដ្ឋ ពោលគឺគ្មានថ្ងៃបុណ្យ គ្មានថ្ងៃអាទិត្យនោះទេ ៕ វុទ្ធឦសាន