ព័ត៌មានទាន់ហេតុការណ៍៖

ចុងបញ្ចប់! តុលាការសម្រេចឃុំខ្លួនដាក់ពន្ធធានាគារ​បណ្តោះអាសន្ន ស្ត្រីដែលត្រូវបានអះអាងថាជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ខណៈកូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រី ដែលអះអាងថា ជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌឫស្សីកែវ យកទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការតាមនីតិវិធីបន្ត។ ជាមួយគ្នានេះ កូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើសនោះទេ។

សូមជម្រាបថា ស្ដ្រីអ្នកបើកបរ រួមជាមួយបុរសដែលគេស្គាល់ថាជាកូនអភិបាលស្រុកកងមាស បានបើករថយន្ដបុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយមកបុរសដែលជាកូនអភិបាលស្រុក ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាល។ ហេតុការណ៍នេះ បានកេីតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបញ្ជាក់ថា កូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលអ្នកបើកបរគឺជាស្ដ្រីម្នាក់។ បើមើលតាមស្ថានភាពជាក់ស្ដែង គឺបុរសខាងលើមិនអាចបើករថយន្ដបានឡើយ ដោយសារតែស្ថានភាពស្រវឹងជោគជាំ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡានហើយស្រ្តីទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕ដោយ​៖តារា​


ចែករំលែក៖