ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា​ បន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងម៉ាស៊ូតបញ្ចុះពីអត្រា១០% មកអត្រា៤%

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់​ប្រេង​សាំង​ធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួល​បន្ទុក​ជំនួស​ចំនួន​ ៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីណែនាំស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះ​ការ​ផ្គត់​ផ្គង់​ផលិត​ផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) របស់ក្រសួងសេដ្ឋកិច្ច និ​ង​ហិរញ្ញ​វត្ថុ​។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹង និន្នាការ​នៃ​ការ​កើន​ឡើង​ថ្លៃ​ប្រេង​លើ​ទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជ​រដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយ​បន្ទុក​អាករ​លើ​តម្លៃប​ន្ថែម​សម្រាប់​ប្រេង​សាំង​ធម្មតា​ និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រដ្ឋទទួល​បន្ទុក​ជំនួស​ចំនួន​៦%​) ​គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើការណែនាំ ដល់សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវ​គិត​អាករ​លើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយ​ត្រូវ​អនុវត្ត៖ ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជា​អ្នក​ជាប់​ពន្ធ​តាម​របបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរ អាករលើតម្លៃបន្ថែមអត្រា១០% ទៅ​ជា​ “អាករលើតម្លៃបន្ថែមអត្រា៤%។

ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ (មិន​ស្ថិត នៅក្រោមរបបស្វ័យប្រកាស) ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិត​អាករ​លើ​តម្លៃ​បន្ថែ​ម​អត្រា​៤%។

គ- អាករលើតម្លៃបន្ថែមអត្រា១០% និងឬអត្រា៤% ដែលសហគ្រាសបានបង់លើការនាំចូល ឬ​ទិញ​ក្នុង​ស្រុក នូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាត​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​ទៅ​តាម​ទឹកប្រាក់ អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ និង​/ឬមានវិក្កយបត្រអាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុក។ ដោយ​ឡែក​ ឥណទានអាករលើធាតុចូល ដែលបានបង់លើការនាំចូលឬទិញក្នុងស្រុក (ក្រៅពីប្រេង​សាំង​ធម្មតា ​និងប្រេងម៉ាស៊ូត) ត្រូវអនុវត្ត ស្របតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម។

ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានណែនាំដល់ អគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រងការប្រកាសពន្ធអាជីវកម្មប្រចាំខែតាម អនឡាញ (e-Filing) ដោយមុខងារ “បញ្ជី​ទិនានុប្បវត្តិទិញ-លក់ ត្រូវបន្ថែមប្រភេទផ្គត់ផ្គង់ទំនិញ ឬសេវា “អតប អត្រា៤% ដើម្បីគាំ​ទ្រ​ដល់​ការ​ប្រកាសពន្ធស្របតាមវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមនេះផងដែរ៕ដោយ​៖តារា​


ចែករំលែក៖