ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ ត្រូវបានសាច់ញាតិប្រទះឃើញចងកធ្វើអត្តឃាត នៅលើដើមស្វាយខាងក្រោយផ្ទះ ត្រូវបានគេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត(មានជំងឺប្រចាំកាយ) ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចដើមស្វាយខាងក្រោយផ្ទះ ស្ថិតក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលជំនាញស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះចងកធ្វើអាត្តឃាតបណ្ដាលឲ្យស្លាប់ ត្រូវបានគេស្គាល់ឈ្មោះ សន សាប់ ភេទប្រុស អាយុ ៦៤ឆ្នាំ មានប្រពន្ធឈ្មោះ ពេជ្រ សុខន អាយុ ៥៤ឆ្នាំ ជនរងគ្រោះមានកូនប្រុស ស្រីចំនួន៦នាក់ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ។
ប្រភពពីសមត្តកិច្ចខាងលើបន្តថា ជនរងគ្រោះគាត់អារម្មណ៍ដូចជាស្មុគស្មាញខាំងណាស់ ព្រោះគាត់មានរោគគាប្រចាំកាយ មើលមិនជាសះស្បើយសោះ ហើយនៅយប់ថ្ងៃកើតហេតុ បាត់គាត់មិនឃើញចូលដេក ក៏ចែកផ្លូវគ្នាតាមដើររកគាត់អស់ជាច្រើនម៉ោង ទើបប្រទះឃើញចងកស្លាប់នៅលើដើមស្វាយ ត្រង់ចំណុចខាងលើបែបនេះ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងថា គាត់ចងកពីវេលាម៉ោងប៉ុន្មាននោះទេ ហើយក៏បាននាំគ្នាស្រាយចំណងទំលាក់សាកសពចុះ និងរាយការណ៍ប្រាប់មកសមត្ថកិច្ចតែម្តង។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាននេះ ក៏បានចាត់កម្លាំងចុះទៅត្រួតពិនិត្យក្រែងលោ ជាប់ពាក់ព័ន្ធនឹងករណីផ្សេងៗ ប៉ុន្តែពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារទទួលទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕ ប៉ឹម ពិន