ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាលរដ្ឋប្រមាណ៦០នាក់ធ្វើបាតុកម្មប្រឆាំងថៅកែរោងចក្រដែកគោលរំលោភចាក់ដីលុបប្រឡាយស្ទះទឹក

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ៦០នាក់ តំណាងឲ្យ៤៧គ្រួសារ ដែលរស់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាំគ្នាតវ៉ាដោយសារខឹងនឹងថៅកែរោងចក្រដែកគោល បានសង់របង និងចាក់ដីរំលោភយកប្រឡាយទឹករួមភូមិ ដែលបង្កឲ្យស្ទះមុខទឹកហូរ ធ្វើឲ្យទឹកភ្លៀងជន់លិចផ្លូវថ្នល់ ផ្ទះសម្បែង ។

ប្រជាលរដ្ឋបានលើកឡើងថា ការផ្ទុះកំហឹងតវ៉ា នេះ បានធ្វើឡើងចំនួន២លើកមកហើយ នៅមិនទាន់ដោះស្រាយចេញ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ពលរដ្ឋផ្ទុះកំហឹងសារជាថ្មី លើកគ្នាមកតវ៉ាសាជាថ្មី មានទាំងបដា តវ៉ាទាមទារ យកប្រឡាយ ដើម្បីការពារប្រព័ន្ធទឹកហូរ រំដោះ សង្រ្គោះ ផ្លូវថ្នល់ លំនៅឋាន ពលរដ្ឋក្នុងភូមិ បង្កឲ្យភ្ញាក់ផ្អើល អាជ្ញាធរ សមត្ថកិច្ច ចុះទៅសម្របសម្រួល ។

នៅកន្លែងកើតហេតុ ពុំមានវត្តមានថៅកែរោងចក្រ ដែកគោលចេញមុខមកបកស្រាយឡើយ ឃើញមានតែមេធាវី របស់ថៅកែ ចេញមុខមក ហៅតំណាងពលរដ្ឋចូលនិយាយគ្នាក្នុងរោងចក្រ តែពលរដ្ឋមិនព្រម លើគ្នាមួយភូមិបន្តស្រែកទាមទារឲ្យរុះរើរបងថ្មី ដែលខាងរោងចក្រសង់យកប្រឡាយទាំងមូល ។

អ្នកស្រី ស៊ន សាវឿន មេភូមិថ្មគោល សង្កាត់ចោមចៅ បានឲ្យដឹងថា កាលពីម្សិលម៉ិញ អាជ្ញាធរ ភូមិ សង្កាត់សម្របសម្រួលជាមួយភាគីរោងចក្រ ហើយថៅកែព្រមព្រៀង រុះរើរបងហើយអនុញ្ញាតឲ្យអាជ្ញាធរកាយស្តារប្រឡាយឡើងវិញ ដើម្បីបង្ហូរំដោះទឹកពីការជន់លិចផ្លូវថ្នល់ ផ្ទះសម្បែងរបស់ពលរដ្ឋ រហូតដល់ បញ្ជូនគ្រឿងចក្រ ទៅកាយ បែរជាថៅកែរោងចក្រ ប្រែក្រឡាស់ សម្តីមិនឲ្យកាយរើរបងឡើយ ថែមទាំងបញ្ជូនលោកមេធាវី មកតតាំងជាមួយពលរដ្ឋទៅវិញ ។

ក្នុងសកម្មភាពតវ៉ារបស់បងប្អូនប្រជាពលរដ្ឋ ភូមិថ្មគោល នាំគ្នាស្រែក ទាមទាររហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃដដែល នៅតែពុំមានដំណោះស្រាយ ពលរដ្ឋដុតកង់ឡាន និងទាមទារបម្រុងបិទផ្លូវបេតុង តែអាជ្ញាធរហាមឃាត់បិទផ្លូវ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃដដែល ទើបថៅកែរោងចក្រ ចេញមុខមកបកស្រាយ និងសម្របសម្រួល ។

ថៅកែរោងចក្របានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានជួលមេធាវីមកឡើយ មេធាវី ជាក្មួយបង្កើតរបស់គាត់ មកលេងទេ ។ ក្រោយពីភាពចម្រូងចម្រាស់ រវាងថៅកែរោងចក្រជាមួយពលរដ្ឋ ហើយអាជ្ញាធរ សមត្ថកិច្ច សម្របសម្រួល រហូតដល់ថៅកែ ហៅមេភូមិ តំណាងប្រជាពលរដ្ឋ ចរចា នៅក្នុងរោងចក្រ តែនិយាយចុះនិយាយឡើង បែរជាថៅកែរោងចក្រ ទាមទាររកប្លង់ដីប្រឡាយទៅវិញ ខណៈដែលដីប្រឡាយជាសម្បត្តិរបស់រួម របស់រដ្ឋ មិនមែនកម្មសិទ្ធិបុគ្គលណាម្នាក់ឡើយ ។

តាមសម្រែករបស់ពលរដ្ឋ ប្រកាន់នូវជំហរ ទាមទារយកប្រឡាយជាប្រយោជន៍រួមដើម្បីការបើកផ្លូវមុខទឹកហូរ សង្រ្គោះផ្លូវ សង្រ្គោះភូមិ ។ ផ្ទុយទៅវិញ ការសម្រមសម្រួល មិនបានលទ្ធផល ដោយសារថៅកែរោងចក្រក្រឡាស់ពាក្យ មិនអនុញាតឲ្យរុះរើរបងឡើយ មិនព្រមឲ្យកាយស្តាប្រឡាយ ទោះជាទឹកភ្លៀងជន់លិច អ្នកណា ខាងណា ខាងទៅ សំខាន់យកដីតួប្រឡាយទាំងមូល ដើម្បីពង្រីកវាតទីដីរោងចក្រឲ្យបានធំ ថៅកែអត់ខ្វល់ឡើយ ជាមួយប្រជាពលរដ្ឋ ។

សម្តីរបស់ថៅកែ ហាក់បីដូចជា ត្រូវដងត្រូវផ្លែជាមួយ អាជ្ញាធរថ្នាក់ខណ្ឌ បើតាមពលរដ្ឋលើកឡើងឲ្យដឹងថា កន្លងមកពួកគាត់បានរាយការណ៍ទៅ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែរ ពីបញ្ហា ថៅកែរោងចក្រដែកគោល សង់របង់ ចាក់ដីលុបប្រឡាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែពុំមានដំណោះស្រាយ ទឹកភ្លៀងកាន់តែជន់លិច ភូមិ លំនៅឋានពលរដ្ឋកាន់តែរងគ្រោះ ដោយសារ ចំណុចខាងលើ ប្រឡាយទឹកត្រូវបាន ចាក់ដីលុបបាត់ទៅហើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា រឿងទំនាស់ ថៅកែរោងចក្រដែកគោល យកដីប្រឡាយទាំងមូល ប្តឹងច្រើនលើកច្រើនសារមកហើយទៅអាជ្ញាធរ មកដល់ថ្ងៃទី១៥ ខែតុលានេះ នៅតែមិនឃើញ អស់លោកថ្នាក់ខណ្ឌ ចុះមកមើល ប្រឡាយ ជារបស់អ្នកណាដែរ ។

ទៅជាយ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋ នៅតែទទូចសូមឲ្យអាជ្ញាធរ មេត្តាជួយប្រមើល មើលប្រឡាយខាងលើនេះផង និងរកដំណោះស្រាយ លុះរហូតដល់វេលាម៉ោង២រសៀលថ្ងៃទី១៥នេះ ទើបភាគីខាងរោងចក្រដែកគោល សម្រេចឯកភាព ប្រគល់ដីប្រឡាយ ឲ្យពលរដ្ឋ អាជ្ញាធរ កាយស្តារបង្ហូរទឹកដក់ ជន់លិច តែលោកថៅកែ សុំដីមាត់ប្រឡាយ ទទឹង០,៥ម៉ែត្រ តាមបណ្តោយមាត់ប្រឡាយ សម្រាប់ចាក់សរសរ របង ៕ សុខាសែនជ័យ

image5 image1 image2
image4


ចែករំលែក៖