ខេត្តស្វាយរៀង៖ មានអំពើឃាតកម្មមួយបានកើតឡើង ដែលគេសង្ស័យថាបណ្តាលមកពីភ្លើងប្រចណ្ឌ បុរសជាប្ដីបានច្របាច់កសម្លាប់ប្រពន្ធ រួចរត់ទៅចងកសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនៃអធិការដ្ឋានក្រុងបាវិតបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីឃាតកម្មនៅចំណុចក្នុងបន្ទប់របស់ឈ្មោះសោម គន្ធា និងមានមនុស្សចងកសម្លាប់ខ្លួននៅចំណុចលើដើមអាកាស្យាជាប់ចិញ្ចឹមផ្លូវ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។
ក្រោយពីទទួលបានព័ត៌មានដូចខាងលើនេះភ្លាម កម្លាំងជំនាញអធិការ ដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានចុះទៅការពារនិងចងខ្សែហ៊ុមព័ទ្ធកន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងជំនាញការិយាល័យស្នងការដ្ឋានខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវេជ្ជបណ្ឌិត ទុំ បូរី សមាជិកគណ:កម្មការកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយ:ទូរស័ព្ទបានចុះទៅពិនិត្យនិងស្រាវជ្រាវដល់កន្លែងកើតហេតុ។
ស្ត្រីដែលស្លាប់ឈ្មោះ ម៉េង ចរិយា ជនជាតិខ្មែរ អាយុ៣០ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។ ចំណែកបុរសជាប្ដីឈ្មោះ ផាន សុខា ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មុខរបររត់តាក់ស៊ី មានស្រុកកំណើតនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមចម្លើយរបស់ឈ្មោះ សួន សុភាព បានឆ្លើយបំភ្លឺថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៧យប់ ខ្លួននិងឈ្មោះចរិយា(អ្នកស្លាប់) បានហូបស្រាបៀរជាមួយគ្នា ហើយក្រោយមកជនបង្កហេតុជាប្តីបានមកដល់ រួចហើយបានផឹកស្រាបៀរជាមួយគ្នា។ បន្ទាប់មកប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នាដោយខាងប្រុសចោទថាប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងជាមួយបុរសម្នាក់ជាជនជាតិចិន។
ក្រោយពីទាស់ពាក្យសម្តីគ្នារួច ស្រី្តជាប្រពន្ធក៏បានជិះម៉ូតូចេញទៅផ្ទះមុន រីឯប្តីបានជិះរថយន្តបើកទៅតាមក្រោយ។
បើតាមចម្លើយរបស់ឈ្មោះ ម៉េង បុប្ផាបានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បងស្រីរបស់ខ្លួនឈ្មោះម៉េង ចរិយា បានចេញទៅហូបអីនៅខាងក្រៅ ហើយខ្លួនមិនដឹងថាគាត់បានត្រឡប់មកផ្ទះវិញនៅពេលណានោះទេ។ លុះមកដល់ព្រឹកឡើងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីព្រឹក ម្តាយរបស់ខ្លួនបានមកប្រាប់ខ្លួនថា បងថ្លៃខ្លួនឈ្មោះផាន សុខា បានចងកស្លាប់នៅលើដើមឈើស្លាប់បាត់ទៅហើយ។
បន្ទាប់មកខ្លួនបានរត់ចូលទៅក្នុងផ្ទះ ដើម្បីប្រាប់បងស្រីចរិយា ពេលខ្លួនទៅដល់ស្រាប់តែឃើញបងស្រីខ្លួនបានស្លាប់នៅលើគ្រែក្នុងបន្ទប់ដេកដែរ។
ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព ព្រមទាំងចម្លើយសាក្សីបំភ្លឺ ការពិនិត្យកាមេរ៉ាសុវត្ថិភាព លោកគ្រូពេទ្យកោសល្យវិច័យ និងសមត្ថកិច្ចជំនាញសន្និដ្ឋានបានថា សាកសពប្រពន្ធស្លាប់ដោយសារការច្របាច់ក(អំពើឃាតកម្ម)។ រីឯសាកសពបុរសជាប្ដីគឺស្លាប់ដោយសារការធ្វើអត្តឃាត(ចងកសម្លាប់ខ្លួនឯង)។
សមត្ថកិច្ចនគរបាលបញ្ជាក់ថាមូលហេតុ មានទំនាស់ពាក្យសម្តីក្នុងក្រុមគ្រួសារ(ផ្តើមចេញពីការប្រចណ្ឌ)ទើប ច្របាច់កប្រពន្ធសម្លាប់រួចទើបចងកសម្លាប់ខ្លួនឯងតាមក្រោយ។
បច្ចុប្បន្នសាកសពទាំង០២នាក់សមត្ថកិច្ចនគរបាលបានប្រគល់ជូនឈ្មោះសោម គន្ធា ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយបង្កើតនិងជាម្តាយក្មេកដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច