ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកណ្ដាល កោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ចស្រុកអង្គស្នួល ក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃបង្ក្រាបក្រុមចោរប្លន់ធាក់យកម៉ូតូ

ចែករំលែក៖

ខេត្តកណ្ដាល​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ចស្រុកអង្គស្នួល ក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃនៃការចុះស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់ធាក់យកម៉ូតូ​ យកមកអនុវត្តតាមផ្លូវច្បាប់។ 

ចំពោះ​ការកោតសរសើរនេះធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាកុដិ និងសមិទ្ធផលនានាក្នុង វត្តពោធិ៍អង្គម្រេញ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦​ ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល លើកឡើងថា៖ ក្រុមធាក់យកម៉ូតូនេះ មិនមានអាវុធជាប់នៅខ្លួននោះទេ ប៉ុន្តែនៅពេលដែលពួកគេធ្វើដំណើរតាមដងផ្លូវ ប្រសិនបើមិនមានឱកាសល្អនោះទេ ពួកគេគឺជាប្រជាពលរដ្ឋធ្វើដំណើរធម្មតា ប៉ុន្តែនៅពេលដែលមានឱកាសល្អ នោះក្រុមនេះនឹងធាក់ផ្ដួលយកម៉ូតូតែម្ដង ហើយការធ្លាក់ផ្ដួលនេះដែរ បានបង្កឱ្យម្ចាស់ម៉ូតូរងគ្រោះថ្នាក់ បណ្ដាលឱ្យរបួស ពិការ ឬអាចឈានដល់ការបាត់បង់ជីវិតផងដែរ។

ក្នុងនោះផងដែល លោកអភិបាលខេត្តកណ្ដាល បានជំរុញ និងណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល និងកងកម្លាំងទាំងអស់ បន្តខិតខំពង្រីកការស្រាវជ្រាវ តាមបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូនេះឱ្យដល់ឫសគល់ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ឱ្យសាកសមនៅអ្វីដែលពួកគេបានប្រព្រឹត្ត។

ជាមួយគ្នាផងដែល លោកអភិបាលខេត្តកណ្ដាល សូមអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គីភ័យ នៅគ្រប់ទីកន្លែងដែលមានការប្រើប្រាស់ភ្លើង កុំដុតទុកចោល ចេញក្រៅផ្ទះត្រូវបិទចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ មុនចាកចេញទៅខាងក្រៅ ការពារកុំឱ្យមានបញ្ហាគ្រោះអគ្គីភ័យកើតឡើងដែលនាំឱ្យមហន្តរាយដល់ក្រុមគ្រួសារដែលអាចកើតមានឡើងនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕ដោយ​៖តារា​


ចែករំលែក៖