ភ្នំពេញ ៖ ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅមិនទាន់បានដោះស្រាយ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដើម្បីលើកកម្ពស់ទំនុកចិត្ដ និងភាពជឿជាក់ពិតប្រាកដ ការបន្ដនូវត្ដមាន និងបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) គឺមានសារៈសំខាន់ចំពោះការងារផ្ទៀងផ្ទាត់លើការអនុវត្ដសេចក្ដីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជាដូច្នេះ ក៏ដើម្បីឆ្លើយតបនឹងការសាកសួររបស់បណ្ដាញសារព័ត៌មានទាក់ទងនឹងការវិវត្ដថ្មីៗជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
តាមរយៈសេចក្ដីថ្លែងការណ៍ចេញនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងបន្ថែមថា កម្ពុជាសូមបញ្ជាក់សាជាថ្មី គណៈកមុ្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) គឺជាស្ថាប័នបច្ចេកទេសមានសមត្ថកិច្ច និងជាយន្ដការដែលបង្កើតឡើងដោយភាគីទាំងពីរ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។ សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃតួនាទីរបស់JBC និងការបន្ដចាប់ផ្ដើមការងារវាស់វែងនេះជាបន្ទាន់ ដោយផ្អែកលើអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរតាមការព្រមព្រៀងគ្នា។
កម្ពុជានៅតែបុរេសកម្មក្នុងការពង្រឹងបណ្ដាញទំនាក់ទំនងដោយផ្ទាល់ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធានាថា ការទំនាក់ទំនងទាំងអស់គឺផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បាន។ ក្នុងនាមជាប្រទេសជិតខាង និងរដ្ឋសមាជិកអាស៊ានដូចគ្នា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ដពិភាក្សាតាមរយៈយន្ដការដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់និងច្បាប់អន្ដរជាតិ។ កម្ពុជាតែប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់អន្ដរជាតិ និងការដោះស្រាយជម្លោះដោយសន្ដិវិធីពិតប្រាកដ និងអំពាវនាវឱ្យមានការវិវត្ដពីកិច្ចសន្ទនាការទូតទៅជាការអនុវត្ដជាក់ស្ដែង៕
ប្រភព ៖ (យុវជន ៧មករា)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច