ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសម្នាក់បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ និងនារីម្នាក់ទៀតស្រីបានរងរបួសធ្ងន់ស្រាល ដេករណូករណែលខាងត្បូងវិមានឯករាជ្យក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ខណៈដែលរថយន្តស៊េរីទំនើបរបស់ស្មៀនឃុំតាសាល នៃស្រុកឱរ៉ាល់សង្ស័យស្រវឹងស្រាជោគជាំបើកលឿនដូចហោះបុករះម៉ូតូ២ គ្រឿងយ៉ាងពេញទំហឹង ជាប់ម៉ូតូ១គ្រឿងក្រោមរថយន្តនោះទៀតផង។
ហេតុការណ៍រថយន្តស៊េរីទំនើបបុករះម៉ូតូ២គ្រឿងដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ស្មៀនឃុំតាសាល បានកើតឡើងកាលពីវេលាម៉ោងប្រហែល៦ព្រលប់ថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០២៦ នៅខាងត្បូងវិមានឯករាជ្យ តាមបណ្ដោយផ្លូវក្រាលកៅស៊ូលេខមួយខ្សែ ស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបាននិយាយដឹងថា បុរសវ័យចំណាស់ម្នាក់បានបែកក្បាលហូរឈាមជោគខ្លួនដេកស្លាប់នៅលើផ្លូវក្រាលកៅស៊ូខាងត្បូងវិមានឯករាជនៅកន្លែងកើត ហេតុ និងក្មេងស្រីម្នាក់ទៀតរងរបួស មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ និងម៉ូតូ១គ្រឿងទៀតមិនទាន់ស្គាល់ម៉ាកដោយសារតែរងការខូចខាតកម្រិតធ្ងន់។
ប្រភពព័ត៌មានដដែលបានបន្តថាចំណែករថយន្តស៊េរីទំនើបម៉ាកRALY ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BK -9781 ដែលគេស្គាល់ច្បាស់ថាជារថយន្តរបស់ ( ស្មៀនឃុំតាសាល) នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបានបើកបរតាមបណ្ដោយផ្លូវក្រៅកៅស៊ូខាងត្បូងវិមានឯករាជ្យ ទិសខាងត្បូង មកទិសខាងជើង ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏បានបុករះម៉ូតូចំនួន២គ្រឿងបណ្ដាលឲ្យរងការខូចខាត ហើយមនុស្សចំនួនពីរនាក់រងរបួសរណូករណែលលើផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល។ គេក៏បានឃើញវត្តមានស្មៀនឃុំតាសាល ជាអ្នកបើកបររថយន្តចុះពីលើរថយន្តសង្ស័យស្រវឹងស្រាជោគជាំ ក្រោយមកទៀតទើបឃើញមានកម្លាំងសមត្ថកិច្ចអញ្ជើញលោកស្មៀនឃុំរូបនោះទៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយក្រវ៉ាន់ដើម្បីសួរនាំ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថាក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុអូសយករថយន្តបង្កហេតុនិងម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងច្បារមនរង់ចាំធ្វើការដោះស្រាយនិងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច