ភ្នំពេញ÷ ស្ត្រីម្នាក់បានរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនិងរងការខូចខាតទាំងសងខាងនៅចំណុចស្តុបណតប្រ៊ីត។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៦ នៅចំណុចស្តុបណតប្រ៊ីតផ្លូវ២០០៤ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតគេឃើញមានឃើញមានរថយន្តម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេចភ្នំពេញ 2U 9872 បើកក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ២០០៤លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពណ៌ទឹកប្រាក់ពាក់ស្លាកភ្នំពេញ 2AM 0458 បើកបរក្នុងទិសដៅពីជើងទៅត្បូងព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្នទើបបុកគ្នាពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសតែម្តងចំណែករថយន្តរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌសែនសុខដើម្បីចុះមកធ្វើការវាស់វែងនិងត្រួតពិនិត្យប៉ុន្តែដោយភាគីទាំង២ដោះស្រាយមិនត្រូវគ្នាទើបសមត្ថកិច្ចខណ្ឌបានទំនាក់ទំនងទៅផ្នែកចរាចរណ៍ក្រុងឲ្យមកយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច