ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនយាយ ព្រឿង ដាក់គុកបណ្តោះអាសន្ន មុននេះបន្តិច

ចែករំលែក៖

ភ្នំពេញ៖ មេឈ្មួញឈើដ៏ល្បីឈ្មោះ យាយព្រឿង ហៅ ហេង សំនៀង នៅខេត្តស្ទឹងត្រែង ដែលមិនមានសមត្ថកិច្ច អាជ្ញាធរ រួមទាំងជំនាញរដ្ឋបាលព្រៃឈើ មិនហ៊ានប៉ះពាល់ក្នុងមុខជំនួញឈើល្មើសច្បាប់ រាល់សកម្មភាពប្រមូលទិញ ដឹកជញ្ជូន ស្តុកទុក និងបន្តដឹកទៅលក់នៅប្រទេសវៀតណាមនោះ នាព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការ ចោទប្រកាន់ចំនួន៣បទល្មើស ។

មេឈ្មួញឈើល្មើសច្បាប់ ហេង សំនៀង ហៅយាយព្រឿង ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទប្រមូល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប៉ុនប៉ងលួច និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុចភូមិ ឃុំ អូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២ ទី១៣ ខែតុលា ឆ្នាំ២០១៦ តាមប្បញ្ញត្តិមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ និងមាត្រា៣៦១ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ត្រូវបានបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារនាព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ច ក្រុមការងារ ស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួននៅទឹកដីខេត្តស្ទឹងត្រែង រួចស្នើសុំប្តូរសមត្ថកិច្ចតុលាការពីសាលាដំបូងខេត្តស្ទឹងត្រែង មកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ។

គួររំលឹកថា កម្លាំងសមត្ថកិច្ចក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបទីតាំងស្តុកឈើប្រណីតល្មើសច្បាប់យ៉ាងតិចជាង២០ម៉ែត្រគូបនៅចំណុចដីចម្ការ ក្នុងភូមិ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដោយមានការសហការផងដែរជាមួយនឹងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បន្ទាប់ពីមានការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្ត ។ ក្រុមងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើបានប្រគល់ឈើល្មើសច្បាប់ទាំងនោះទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ដឹកយកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ដើម្បីវាស់វែង ក្នុងនោះ មានឈើប្រណីតចំនួន៦រថយន្តសាំយ៉ុង និង៦រថយន្តបែន ប្រមាណជាង២០ម៉ែត្រគូប ដែលការដឹកជញ្ជូនវត្ថុតាងនេះ ធ្វើរហូតដល់ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បានរួចរាល់ ។ ក្រោយមកនៅវេលាម៉ោង៤ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មេឈ្មួញដ៏មានឥទ្ធិពល យាយ ព្រឿង បានឃុបឃិតគ្នាជាមួយជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ ឈានដល់ឲ្យយាយ ព្រឿង យករថយន្តចំនួន២គ្រឿង និងកម្មករចំនួន១០នាក់ ដើម្បីចូលមកក្នុងស្នាក់ការរដ្ឋបាលព្រៃឈើដែលជាកន្លែងរក្សាទុកវត្ថុតាង ដើម្បីឲ្យយាយ ព្រឿង ធ្វើសកម្មភាពលួចឈើទាំងនោះ ចេញពីកន្លែងរក្សាទុក តែសកម្មភាពនេះ ត្រូវបានកម្លាំង សមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃើញសកម្មភាពនេះ ក៏បានចាប់ឃាត់ខ្លួនយាយ ព្រឿង ក្នុងបទល្មើសជាក់ស្តែង និងបាញ់គំរាម១គ្រាប់ ទើបក្រុមកម្មករយ៉ាងតិច១០នាក់ ត្រូវបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។

ក្រោយពីឃាត់ខ្លួន កម្លាំងសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាននិងបង្ក្រាបបទល្មើសព្រៃឈើ ក៏បានកសាងសំណុំរឿងតាមនីតិវិធី ស្នើសុំប្តូរសមត្ថកិច្ចតុលាការពីសាលាដំបូងខេត្តស្ទឹងត្រែង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ។ ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់៣បទល្មើស ហើយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនយាយព្រឿង បណ្តោះអាសន្នដាក់ពន្ធនាគារនាព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ។

ការចាប់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើ ដែលធ្វើឡើងដោយក្រុមការងារ ស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបានការគាំទ្រ ពីមជ្ឈដ្ឋានទូទៅ ត្រង់ថា ការអនុវត្តច្បាប់ ធ្វើឡើងត្រូវគោលដៅ ជនដែលប្រព្រឹត្តល្មើសច្បាប់ ៕ សុខ ខេមរា

 

er t4 cs a 54


ចែករំលែក៖