ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត១គ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្ក ១ គ្រឿងម៉ាក Rang rover ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AC-6064 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានរ៉េចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯអ្នកបើកបរ រងរបួសបញ្ជូនទៅមន្ទីពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច