ភ្នំពេញ: មនុស្ស៩នាក់ ដែលជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនកាលពីម៉ោង១៦និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ករណីនេះដឹកនាំដោយលោកវរសេនីយ៍ឯកលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងនគរបាលជាច្រើននាក់ទៀត ។
លោក ម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការ និងធ្វើរដ្ឋបាលនៅចំណុចខាងលើ ដែលជាតំបន់ស្មុគស្មាញ ទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាប ក្នុងនោះឃាត់ខ្លួនក្មេង ដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបាន៩នាក់ ដកហូតសម្ភារប្រើរប្រាស់មួយចំនួនផង និងម៉ូតូ៤គ្រឿង ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការ និងបានប្រមូលក្រុមក្មេងដើរចោរផ្ទះ ផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ក្នុងនោះមានខ្លះបញ្ជូនទៅមណ្ឌលកែប្រែ និងខ្លះទៀតបញ្ជូនទៅមន្ទីរព្រៃស ។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា