ព័ត៌មានទាន់ហេតុការណ៍៖

ពិធីទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៦នៅខេត្តស្វាយរៀងក្រោមប្រធានបទ «ការប្រែប្រួលអាកាសធាតុធ្វើឲ្យស្បៀង និងកសិកម្មប្រែប្រួល»

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០១៦ លើប្រធានបទ “ការប្រែប្រួលអាកាសធាតុធ្វើឲ្យស្បៀង និងកសិកម្មប្រែប្រួល” ។

កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើនៅវត្តតាជៃ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ និងកម្មវិធីស្បៀងអាហារពិភពលោក ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អភិបាលខេត្តប្រធានក្រុមប្រឹក្សាខេត្តលោកស្រីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត តំណាងអង្គទូត តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ តំណាងអង្គការស្បៀងអាហារពិភពលោក ភ្ញៀវជាតិ-អន្តរជាតិ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍កសិកម្ម និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះ លោកវេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា នេះគឺជាលើកទី៣៦ហើយ នៅការរៀបចំទិវាស្បៀងអាហារពិភពលោក ដែលទិវារនេះ បានផ្ដួចផ្ដើមជាលើកដំបូងនៅឆ្នាំ១៩៨១ ហើយការប្រារព្វទិវានេះ គឺស្របពេលជាមួយនិងការរំលឹកខួបលើកទី៧១ នៃការបង្កើតអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ(fao) និងជាព្រិត្តការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ ដែលបណ្ដាប្រទេសនានានៅលើពិភពលោកបានប្រារព្វពីធីនេះឡើង ក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទី ដ៏មានសារៈសំខាន់ នៃវិស័យកសិកម្មក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀងសំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជន នៃបណ្ដាប្រទេសនានា ។

លោករដ្ឋមន្ត្រីបន្តថា ក្នុងឆ្នាំ២០១៦នេះ គ្រោះខ្វះទឹកបានបង្កផលប៉ះពាល់ដល់ផ្ទៃដីបង្កបង្កើនផលសរុបជាង១៥១ពាន់ហិតតាក្នុងនោះ មានសំណាប៦៦៨ហិតតា និងសន្ទូងពង្រោះសរុបចំនួនជាង១៥០ហិតតា ហើយនាំឲ្យមានការខូចខាតលើសន្ទូងពង្រោះចំនួនជាង១១ពាន់ហិតតា គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ។

ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម ក៏បានខិតខំកសាងច្បាប់លិខិតបទដ្ឋានគតិយុត្តដែលជាឧបករណ៍ដ៏រឹងមាំព្រមទាំងកិច្ចសហការប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសជាមិត្តដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តភាពផងដែរ ។

ក្នុងឱកាសនោះ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថា ការអភិឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីសញ្ញាមួយចំនួន ដែលអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចូ ក្នុងវិបត្តិជាថ្មីម្ដងទៀត ប្រសិនជាមិនមានការប្រុងប្រយត្ន័ខ្ពស់ ។

ទោះបីក្នុងបរិបតនេះក៏ដោយ ក៏កម្ពុជានៅតែអាចរក្សាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អ និងកំណើនសេដ្ឋកិច្ចខ្ពស់ដោយមានកំណើនយ៉ាងរឹងមាំនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ។ ខណៈដែលកម្ពុជាទទួលបាននូវផលប្រយោជន៍ពីការធ្លាក់ចុះប្រេង ប៉ុន្តែត្រូវទទួលរងនូវហានិភ័យនៃការបន្តធ្លាក់ចុះថ្លៃកសិផល ដូចជាស្រូវ អង្ករ កៅស៊ូ ដំឡូងមី ជាដើម។

ជារួមទោះបីកម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមគ្រប់បែបយ៉ាង ទាំងក្នុង និងក្រៅប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ចាប់តាំងតែពីដើមនីតិកាលរហូតមក ក៏នៅតែអាចតស៊ូពុះពារ និងជម្នះបានរាល់ឧបសគ្គ និងការលំបាកផងទាំងពួង ហើយធានាបាននូវប្រក្រតីភាពនៃដំណើរការសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថេរភាព ។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ជាក់ស្ដែងនៅក្នុងរបាយការណ៍របស់ធនាគារពីភពលោកឆ្នាំ២០១៤ ប្រទេសកម្ពុជាត្រូវបានចាត់បញ្ចូលក្នុងប្រទេសឆ្នើមខាងកំណើនទាំង៨ នៅក្នុងពិភពលោក (olympians of growth) ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំផងដែរ ហើយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចតាមរយះនៃការកំណែទម្រង់លើគ្រប់វិស័យទាំងអស់ ជាពិសេសកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាល និងវិស័យកសិកម្មនៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ ។

លោកស្រីម៉ែន សំអន ក៏បានបន្ថែមទៀតថា តបតាមអត្ថន័យនៃទិវាស្បៀងអាហារពិភពលោកនាពេលនេះ ដែលជម្រុញការធ្វើកសិកម្មជម្រុញការចិញ្ចឹមសត្វ និងការលើកកម្ពស់ការធ្វើវារីវប្បកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់ទី៣ ឲ្យមានកំណើនខ្ពស់ និងឆាប់រហ័សនោះ ខ្ញុំស្នើសុំបណ្ដាស្ថាប័ណរដ្ឋវិស័យឯកជនដៃគូអភិវឌ្ឍន៍ និងអង្គការជាតិអន្តរជាតិ ដែលពាក់ពន្ធ័ទាំងអស់ពិចារណា និងអនុវត្តនូវអនុសាសន៍ទាំង៥ចំណុចនេះផងដែរ ។ ក្នុងឱកាសនោះ លោកស្រីម៉ែន សំអន ក៏បានចែកពូជស្រូវ និងដាំកូនឈើ ជានិមិត្តរូបដល់តំណាងសហគមន៍កសិកម្ម និងបងប្អូនប្រជាពលរដ្ឋផងដែរ ៕ យឹម សុថាន

sa-7 sa sa-1 sa-2 sa-3 sa-4 sa-5 sa-6


ចែករំលែក៖