ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងខឹងឪពុកម្ដាយទាញកំណាត់ឈើវាយបំផ្លាញទ្វារផ្ទះអ្នកជិតខាងនិងវាយបំបែកក្បាលខ្លួនឯង

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផឹកស្រាស្រវឹងខឹងឪពុកម្ដាយរបស់ខ្លួនក៏ទាញកំណាត់ឈើវាយបំផ្លិចបំផ្លាចទ្វារផ្ទះអ្នកជិតខាង រងការខូចខាតយ៉ាងដំណំនៅតែមិនអស់ចិត្ដក៏វាយសំពងក្បាលខ្លួនឯងបន្ថែមទៀត បណ្ដាលឲ្យហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ជា ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។ចំណែកឯជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ស៊ុយ ស៊ីហួ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនល្មើសបានផឹកស្រាស្រវឹងរករឿងឈ្លោះជាមួយប្អូនៗ ពេលឪពុកម្ដាយចូលទៅឃាត់ជនល្មើសរូបនេះផ្ទុះក្ដីខឹងសម្បារស្ទុះទាញយកកំណាត់ឈើវាយទៅលើទ្វារផ្ទះជនរងគ្រោះ បណ្ដាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង ។ ជនល្មើសនៅតែមិនអស់ចិត្ដក៏យកកំណាត់ឈើវាយសំពងក្បាលខ្លួនឯង បណ្ដាលឲ្យបែកហូរឈាមស្រោចខ្លួន ។

ក្រោយពីមានហេតុការណ៏កើតឡើងសម្ថកិច្ចនគរបាលប៉ុស្ដិ៍បានចុះទៅអន្ដរាគមន៏ឃាត់ខ្លួនជនល្មើស ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

kandl-6 kandl kandl-1 kandl-2 kandl-3 kandl-4 kandl-5


ចែករំលែក៖