ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ អំពាវឲ្យពលរដ្ឋរស់នៅ ខណ្ឌឫស្សី កែវ ដែលគ្រប់អាយុ ទៅចូលរួមចុះ ឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ខណៈ ជាង១ខែ នេះបានត្រឹមតែ ៣៤% ប៉ុណ្ណោះ ។ លោកបន្ដថា៖គិតមកដល់ថ្ងៃនេះខណ្ឌឫស្សីកែវ ដែលជាខណ្ឌមួយរបស់រាជធានី ភ្នំពេញ ដែលមានចំនួនប្រជាពល រដ្ឋច្រើនជាងគេលំដាប់ទី៣ ក្នុង ចំណោម ខណ្ឌទាំង ១២ ទើបតែមាន អ្នកទៅចុះឈ្មោះបោះឆ្នោតបានត្រឹមតែ៣៤% ប៉ុណ្ណោះ។
លោកអូស្មាន ហាស្សាន់ បានធ្វើការអំពាវនាវបែបនេះ ខណៈ លោក ចូលរួម ក្នុងកិច្ចប្រជុំ បូកសរុប ការងារ បក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៥ តុលា ក្នុងនាមលោកជាប្រធានក្រុមការងារ ចុះជួយ ខណ្ឌឬស្សីកែវ ។
លោក ធុយ សុខន អនុប្រធាន ក្រុមការងារ បក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌឬស្សីកែវ បានបញ្ជាក់ថា៖ យើងពិតជាអន្ទះសារ និងមានការព្រួយបារម្ភចំពោះភាគរយទាបនៃអ្នកដែលបានទៅ ចុះឈ្មោះបោះឆ្នោត ដែលទើបតែ បាន៣៤%ប៉ុណ្ណោះ ទន្ទឹមនឹងកាលកំណត់របស់ គណៈកម្មាធិការជាតិរើបចំការបោះឆ្នោត (គជប) នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
លោក ធុយ សុខន បានលើកឡើងថា៖ មិនមែនសំរាប់ តែប្រជាពលរដ្ឋទូទៅទេដែលបានទៅចុះឈ្មោះបោះឆ្នោតនៅមានកំរិតទាប តែបើ ក្រឡេកទៅមើលពីសមាជិកគណបក្សប្រជាជន ខណ្ឌឫស្សីកែវវិញ ដែលមានប្រមាណ១១ម៉ឺន នាក់ ក៏ទើបបានទៅចុះឈ្មោះមាន ភាគរយទាបនៅឡើយផងដែរ នេះគឺជាការព្រួយ បារម្មណ៍ជារួមរបស់យើង ហើយជាការ ឆ្លើយតបទៅនឹងបញ្ហានេះ លោកក៍សូមឲ្យសមាជិក បក្សប្រជាជនកម្ពុជា ប្រចាំនៅឬស្សីកែវ បន្ដចុះធ្វើការផ្សព្វផ្សាយអប់រំ ទៅពលរដ្ឋ បន្ថែមទៀត ពីរឿង អត្ថប្រយោជន៍ ក្នុងចុះឈ្មោះបោះឆ្នោតនេះ ព្រោះជាឱកាសផ្ដល់សិទ្ធិ ឲ្យអ្នកតំណាងរបស់ខ្លួន ។ លោកបន្ដថា៖ ក្រោយពីសមាជិកបក្សប្រចាំខណ្ឌឬស្សីកែវ នេះធ្វើការផ្សព្វផ្សាយរួចរាល់ហើយ លោកមានជំនឿថា៖ ប្រជាពលរដ្ឋ រួមនឹងសមា ជិកបក្សខណ្ឌ ពិតជា សម្រុកទៅចុះឈ្មោះបោះ ឆ្នោតនៅអំឡុងខែវិច្ឆិកាខាងមុខនេះ ដើម្បីសម្រេចបានការ ចុះឈ្មោះអ្នកបោះឆ្នោត ឲ្យបាន ១០០% នៅខណ្ឌឫស្សិកែវនេះ។
លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ខ្លួន បាននៅថ្ងៃបោះឆ្នោត ក្នុងនាមជាម្ចាស់ឆ្នោត ម្ចាស់អំណាច គឺ ចាំបាច់ត្រូវតែបងប្អូន អញ្ជើញទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ដោយមិនត្រូវបង្អែរបង្អង់តទៅ ទៀតទេ។ ដោយហេតុនេះ សូមបងប្អូន ដែលគ្រប់អាយុ ទៅចូលរួមចុះ ឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ខណៈ ជាង១ខែ នេះបងប្អូននៅខណ្ឌឬស្សីកែវ បានទៅចុះឈ្មោះបានត្រឹមតែ៣៤% ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា៖ បើតាមគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គជប) បាន អោយដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែតុលា នេះមានអ្នកមកចុះឈ្មោះសរុបទូទាំង ប្រទេសចំនួន៥លាន ៥សែន ៤ម៉ឺន ២៩៥នាក់ ហើយ ។ ក្នុងចំណោម ប្រជាជន ដែលគ្រប់អាយុបោះឆ្នោត សរុបជាង១០លាននាក់ ៕ សំរិត