លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំស្តីពីគំរោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម (LMI) និងមិត្តនៅតំបន់មេគង្គក្រោម (FLM)នៃក្រុមការងារថ្នាក់តំបន់នៅថ្ងៃទី ១៩ ខែតុលា នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។ ដោយត្រូវបានផ្តួចផ្តើមឡើងដោយអតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton និងសមាភាគីរបស់លោកស្រី កាលពីឆ្នាំ ២០០៩ គំរោង LMI ជួយដល់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ក្នុងការកាត់បន្ថយគំលាតគ្នាផ្នែកអភិវឌ្ឍន៍ ហើយជំរុញសមាហរណកម្ម នៅក្នុងអាស៊ាន។ FLM គឺជាក្រុមនៃស្ថាប័នម្ចាស់ជំនួយនិងប្រទេសដែលមានគំនិតដូចគ្នា ហើយមានការគិតគូរខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើអាទិភាពរបស់គ្នា ទៅវិញទៅមកក្នុងការអភិវឌ្ឍន៍។
នៅក្នុងកិច្ចប្រជុំលើកទី ៩ នៃក្រុមការងារតំបន់នៃFLMនិង LMI សមាជិកនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការអនុវត្តភាពជាដៃគូលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព ដែលជាទំរង់កម្មវិធីផ្តើមឡើងដោយលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក John Kerry នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីគំរោង LMI នៅខែកក្កដា ឆ្នាំ ២០១៦ ហើយដែលគាំទ្រដោយ FLM ។ ភាពជាដៃគូនេះផ្តោតទៅលើការសំរបសំរួលការខិតខំដើម្បីជួយបណ្តារដ្ឋាភិបាល នៅក្នុងតំបន់មេគង្គក្រោម ក្នុងការរៀបចំ និងគ្រប់គ្រងគំរោងហេដ្ឋារចនាសម្ព័ន្ធនានា។ សមាជិក LMI និងFLM នឹងពិភាក្សាផងដែរពីអាទិភាពផ្នែកនយោបាយ និងផ្នែកកម្មវិធី នៅពេលជិតដល់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និងកិច្ចប្រជុំរបស់មន្រ្តីជាន់ខ្ពស់អាស៊ាន។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីបើកកិច្ចប្រជុំ នៅថ្ងៃពុធ ទី ១៩ ពីម៉ោង ៨:៣០ ដល់ម៉ោង ១០:00 ព្រឹក គួរទាក់ទងមក ChreaV@state.govនៅមុនថ្ងៃត្រង់ ថ្ងៃអង្គារ ទី ១៨ ខែតុលា។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូត ៕