ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិខ្មែរ២នាក់ជាមន្ត្រីវរៈការពារព្រំដែនគោកពាក់ព័ន្ធគ្រឿងញៀនឆ្លងដែន

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងប៉ុស្តិ៍ ៧២១ វៀតណាម និង កម្លាំងអង្គភាពប្រឆាំងគ្រឿងញៀនវៀតណាម បានចាប់ឃាត់ខ្លួន ជនជាតិខ្មែរ ចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ។

យោងតាមរបាយការណ៍ ប៉ុស្តិ៍លេខ ០១៧/១៦ របស់ប៉ុស្តិ៍លេខ ៦០១ (ភ្នំក្រហម) ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៨នឹង២០នាទី ព្រឹក កម្លាំងប៉ុស្តិ៍ ៧០២ វៀតណាម និង កម្លាំងអង្គភាពប្រឆាំងគ្រឿងញៀនវៀតណាម បានធ្វើការឃាត់ខ្លួន មនុស្ស ២នាក់ ជាជនជាតិខ្មែរ ពីបទជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅចំណុច ខាងលិចឃ្លាំងធំវៀតណាម ជនសង្ស័យមានឈ្មោះ ចាប សាមាន ប្រុស អាយុ ២៨ឆ្នាំ ជា មន្ត្រីនគរបាលប៉ុស្តិ៍លេខ ៦០១ (ភ្នំក្រហម) នៃវរៈសេនាតូចនគបាលការពារព្រំដែនគោកលេខ៦២៣ និងម្នាក់ទៀត ឈ្មោះ អាន ប៊ុនធី ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីយោធា ប្រចាំការនៅប៉ុស្តិ៍ ខ្លាធំ នៃវរៈសេនាតូច ការពារព្រំដែនគោក លេខ១០២ ។

តាមការឲ្យដឹងពីលោកមេបញ្ជាការវរៈសេនាតូច លេខ៦២៣ ងួន សុវណ្ណា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នេះថា រហូតដល់ពេលនេះលោកមិនបានដឹងថា អ្នកដែលគេឃាត់ខ្លួន ពាក់ព័ន្ធករណីនាំគ្រឿងញៀនឆ្លងដែន នោះយ៉ាងណាទេ ពីព្រោះសូម្បីតែលោកចង់សួរសុខទុក ក៏គេមិនអោយជួបផង ម្យ៉ាងករណីនេះ ជារឿងរបស់ម្ចាស់ខ្លួនគេប្រព្រឹត្តល្មើស យើងមិនអាចមានដំណោះស្រាយណាមួយបានទេ ហើយក៏មិនមានអ្វីពាក់ព័ន្ធនិងអង្គភាពដែរ ហើយលោកក៏មិនដឹងថា ថ្នាំញៀនមានចំនួនប៉ុន្មាននោះទេ។

តាមរបាយការណ៍ មិនមានបញ្ជាក់ពីចំនួនបរិមាណ នៃគ្រឿងញៀននោះទេ ក៏ប៉ុន្តែបើតាមប្រភពព័ត៌មានថា គ្រឿងញៀននោះ មានចំនួន ១គីឡូក្រាម ជាប្រភេទម្សៅ ពណ៌ស ថ្លា ៕ វុទ្ធឦសាន

32


ចែករំលែក៖