ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកលុយលក់មាន់១០លានរៀល ទៅលេង ល្បែងចាញ់អស់ ត្រូវម្ចាស់មាន់ប្តឹងឲ្យសមត្ថកិច្ចឃាត់ ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ដែលជាអ្នកដឹកជញ្ជូន មាន់សាច់ ត្រូវជនរងគ្រោះជាម្ចាស់លុយ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្តដោយយកលុយលក់មាន់១០លានរៀលទៅលេងល្បែងស៊ីសងចាញ់អស់។ ហេតុការណ៍បានកើតឡើងកាលពី ថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់សំណាញ់(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ។

 

មន្ត្រីប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឱ្យដឹងថា ជនរង គ្រោះមានឈ្មោះ លូ គឹមជូ ភេទស្រី អាយុ៣៨ឆ្នាំ មុខ របរលក់ដូរហើយប្រាក់កាសបាត់បង់ចំនួន ១០លានរៀល។ ចំណែកជនសង្ស័យមានឈ្មោះស្រេង ដេត ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកលក់មាន់ និងទទួលប្រាក់ខែពីជនរងគ្រោះ និងមានទីលំនៅក្នុងភូមិសង្កាត់ ជាមួយជនរងគ្រោះដែរ ។ វត្ថុតាងចាប់យក ៖ -ទូរស័ព្ទដៃចំនួន០២គ្រឿង – វិក្កយបត្រទូរទាត់ប្រាក់មួយចំនួន។

  

ស្ត្រីរងគ្រោះបានបំភ្លឺជូនសមត្ថកិច្ចថា តាំងពីក្នុងអំឡុងដើមខែវិច្ឆិកាឆ្នាំ២០២៥មកម្លេះ ដែលខ្លួនបានផ្តល់ការទុកចិត្តនិងផ្តល់ការងារឲ្យជនសង្ស័យមកធ្វើការ ជាអ្នកដឹកជញ្ជូនមាន់សាច់ យកទៅដាក់ឲ្យម៉ូយនៅតាមផ្សារ  និងដើរប្រមូលលុយថ្លៃលក់មាន់យកមកប្រគល់ឲ្យជន រងគ្រោះវិញ ដោយទទួលបានប្រាក់ខែ ចំនួន ២០០ ដុល្លារជាទៀងទាត់ ។ 

លុះមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ជនសង្ស័យបានយកសាច់មាន់ទៅដាក់ឲ្យម៉ូយនៅតាមផ្សារដូចសព្វមួយដង និងបានដើរប្រមូលលុយពីម៉ូយបានចំនួន ១៨លានរៀល រួចយកមកប្រគល់ឲ្យជនរងគ្រោះបានចំនួនតែ៨លានរៀលប៉ុណ្ណោះដោយនៅសល់ប្រាក់ចំនួន ១០លានរៀល គឺជនសង្ស័យបានយកទៅចាយវាយ លេងល្បែងចាញ់អស់ហើយ ក៏ឈប់ចូលមកធ្វើការឲ្យស្ត្រីរងគ្រោះវិញ។ ស្ត្រីរងគ្រោះ ខំព្យាយាមទាក់ទងតាមទូរសព្ទ ជាច្រើនលើកច្រើនសា ទៅជនសង្ស័យតែមិនទទួលបានការឆ្លើយតប ពីជនសង្ស័យឡើយ ។ 

បន្ទាប់មក ស្ត្រីរងគ្រោះក៏បាន នាំគ្នាដើររក ជនសង្ស័យ ក៏បានឃើញ នៅក្នុងផ្សារបឹងត្របែក ក្រុងភ្នំពេញ។ ភ្លាមនោះជនរងគ្រោះក៏បានឃាត់ជនសង្ស័យនាំយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយរបស់ជនរងគ្រោះថ្លៃលក់ សាច់មាន់ចំនួន១០លានរៀល ទៅចាយវាយនិងលេង ល្បែងចាញ់អស់ ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕


ចែករំលែក៖