ព័ត៌មានទាន់ហេតុការណ៍៖

តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញគោលការណ៍ថ្មីមួយទៀត គឺ «៥មិន ៥ត្រូវ» សម្រាប់ឲ្យយោធិន នៃកងកងរាជអាវុធហត្ថគ្រប់រូបត្រូវយល់ដឹងតើមានអ្វីខ្លះ?  

គោលការណ៍ «៥មិន ៥ត្រូវ» រួមមាន៖ 

-សម្រាប់គោលការណ៍ «៥មិន» មានដូចខាងក្រោម៖

ទី១៖ មិនមែនជាឈាបនដ្ឋានសម្រាប់បូជាសព អ្នកបង្កស្លាប់ដោយផឹកស៊ីស្រវឹងគ្រោះថ្នាក់ចរាចរណ៍ ឬឈ្លោះប្រកែកវាយដំទាត់ធាក់គ្នានោះទេ

ទី២៖ មិនមែនជាវត្តអារាម

ទី៣៖ មិនមែនជាមណ្ឌលអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន

ទី៤៖ មិនមែនជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺរ៉ាំរ៉ៃនោះទេ

ទី៥៖ មិនខ្ជះខ្ជាយ មិនមែនជាកន្លែងចាំតែទទួលប្រាក់បៀរវត្សដែលប្រជាជនជាអ្នកបង់ពន្ធ ហើយដើរចោលអង្គភាពមិនធ្វើការនោះទេ

-សម្រាប់គោលការណ៍ «៥ត្រូវ» មានដូចខាងក្រោម៖

ទី១៖ ហ្វឹកហាត់លេងកីឡាជាប្រចាំដើម្បីពង្រឹងសុខភាពកាយសប្បទាឲ្យមាំមួន

ទី២៖ រៀនសូត្រឆ្វេងយល់បង្កើនចំណេះដឹង ពង្រឹងសមត្ថភាព ទាំងច្បាប់ ក្រមសិលធម៌វិជ្ជាជីវៈ នីតិវិធី វិន័យបទបញ្ជា ឋានានុក្រមកងទ័ព និងភាសា បច្ចេកវិទ្យា វិទ្យាសាស្ត្រ 

ទី៣៖ ហ្វឹកហ្វឺនយោធា និងវិជ្ជាជីវៈកងរាជអាវុធហត្ថឲ្យស្ទាត់រហ័សជាប្រចាំ និងធ្វើជាគំរូល្អ ក្នុងការរស់នៅ រៀនសូត្រ ធ្វើការ និងគោរពច្បាប់

ទី៤៖ ការពារជាតិ ការពារបូរណអធិបតេយ្យភាពជាតិ ការពារសន្តិសុខ សណ្តាបធ្នាប់របៀបរៀបរយសង្គម បង្ក្រាប និងស្រាវជ្រាវបង្ក្រាបបទល្មើស ដើម្បីពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ  និងជួយប្រជាជននៅពេលជួបការលំបាក

ទី៥៖ សន្សំសំចៃ ធ្វើអានាម័យ ដាំដើមឈើ ថែរក្សាបរិស្ថាន បង្កបង្កើនផលកែលម្អរជីវភាពរស់នៅ និងកសាងអង្គភាព គ្រប់គ្រងថែរក្សាអាវុធ គ្រាប់មធ្យោបាយ បរិក្ខា គ្រឿងបំពាក់ទ្រព្យសម្បត្តិរបស់អង្គភាពឲ្យគង់វង់។

ជាមួយការដាក់ចេញគោលការណ៍ខាងលើនេះ «៥មិន ៥ត្រូវ» នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ជូនគំនិតថែមទៀតថា សម័យបច្ចុប្បន្ន ក្នុងពេលវេលាតែមួយរឿងតែមួយ មនុស្សទទួលបានព័ត៌មានច្រើន លឿន រហ័សទៅទៀត។ ក្នុងស្ថានភាពដែលមនុស្សរស់នៅក្នុងសង្គម ដូច្នេះការអប់រំ តាមវិធីសង្ខេបខ្លឹមសារខ្លីៗ ងាយៗ ដែលពាក់ព័ន្ធ និងតួនាទី បេសកកម្មផង និងភាពអសកម្មនានា នៃសង្គមផងទើបបង្កើតនូវគំនិតអប់រំ នេះសាកល្បងឡើង។

នាយឧត្តមសេនីយ៍ សៅ សុខា បានចោទសួរថា «ក្រោយការអប់រំ យើងជួប យើងសួរលមើលតើពួកគេចងចាំ ឬអត់? ម៉្យាងវិញទៀតចង់ឲ្យពួកគេប្រើប្រាស់ខួរក្បាលចេះគិតត្រិះរិះពិចារណា កុំឲ្យពួកគេរង់ចាំនិយាយតាម AI ឬជឿលើព័ត៌មានបោកប្រាស់»?៕

ប្រភព ៖ (អហ)


ចែករំលែក៖