ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកឃាត់ ក្មេងដែល​ជិះ​ម៉ូតូ​មាន​បំពង់​ស៊ីម៉ាំង​ កែច្នៃ​ខុស​ពីទ្រង់ទ្រាយដើម យកមកធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​​

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ ឃាត់ ក្មេងដែល​ជិះ​ម៉ូតូ​មាន​បំពង់​ស៊ីម៉ាំង​ កែច្នៃ​ខុស​ពីទ្រង់ទ្រាយដើម យកមកធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​​។

ដោយ អនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដោយ​មាន​ការដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍  កម្លាំង​នគរបាល​ នៃអធិការស្រុកកំពង់រោទិ៍ បាន​ឃាត់ខ្លួន​ និងធ្វើ​កិច្ច​សន្យា​អប់រំ​ណែនាំ​​ ក្មេងដែល​ជិះ​ម៉ូតូ​មាន​បំពង់​ស៊ីម៉ាំង​ឮៗ​ កែច្នៃ​ខុស​ពីទ្រង់ទ្រាយ​ដេីម នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី បានចុះល្បាតចល័តដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏បានប្រទះឃើញមុខសញ្ញាប្រើប្រាស់ម៉ូតូ បំពាក់បំពុងស៊ីមុាំងឮ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ក៏បានដេញស្ទាក់ប្រទាក់ក្រឡា រហូតមកដល់ចំណុចផ្លូវក្រាលកៅស៊ូ ភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចយើងក៏បានឃាត់អ្នកបើកបរ ម៉ូតូមួយគ្រឿង ដែលបានបើកបរម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮនោះ រួចនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ងិន ធីតា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអង្គក្តួច ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ូស៊ុយគីសាទ្រា (SUZUKI SATRIA) ពណ៌បៃតងខ្ចី គ្មានផ្លាកលេខ បំពាក់បំពុងស៊ីម៉ាំងឮ ខុសបច្ចេកទេស ។

ក្រោយពីបានធ្វើការសួរនាំរួច សមត្ថកិច្ចយើងក៏បានធ្វើការអប់រំដល់អ្នកបើកបរ នឹងបានធ្វើការដកហូតម៉ូតូ រយៈពេល ០៣ខែ ដើម្បីធ្វើការរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី ចំពោះអ្នកបើកបរ ក្រោយពីធ្វើការអប់រំណែនាំរួចកម្លាំងសមត្ថកិច្ចយើងក៏បានអញ្ជើញអាណាព្យាបាល ឲ្យមកទទួលយកទៅអប់រំណែនាំបន្តផងដែរ ។


ចែករំលែក៖