ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ​៖ “អារម្មណ៍​សុវត្ថិភាពបែបចិន” ​កាន់តែបង្ហាញ​ពីគុណតម្លៃ​ក្នុង​ពិភពលោក​ដែល​មានភាពរង្គោះរង្គើ​

ចែករំលែក៖

ប្រទេសចិន ៖ ពេលថ្មីៗ​កន្លងទៅនេះ អ្នកផលិត​មាតិកានៃប្រទេស​អង់គ្លេសម្នាក់​ដែលកំពុងរស់នៅក្នុង​ប្រទេស​ចិនបានធ្វើ​ការពិសោធ​ដ៏ក្លាហានមួយ​៖ គាត់បាន​យកកុំព្យូទ័រ​យួរដៃមួយ​គ្រឿងទៅ​ដាក់លើតុក្នុង​ហាងកាហ្វេដ៏អ៊ូអរមួយ​ រួចចាកចេញទៅ​ មួយម៉ោងក្រោយ​​គាត់វិលត្រឡប់មក​វិញ បានរកឃើញថា​កុំព្យូទ័រនៅកន្លែង​ដដែល គ្មានអ្នកណា​ប៉ះពាល់ទេ​ ។ ​អ្នកផលិតមាតិកា​រូបនេះបានស្រែក​ទៅកាន់​កញ្ចក់កាមេរ៉ាថា ​“នឹកស្មានមិនដល់”។ ​“ការតេស្តសុវត្ថិភាព” បែប​នេះកំពុងក្លាយជា​វិធីថ្មីសម្រាប់​ជនបរទេស​ជាច្រើននាក់ក្នុង​ការសង្កេតមើល​ប្រទេសចិន ។

ស្របតាមនេះ ពាក្យថា​ “អារម្មណ៍សុវត្ថិភាព​បែបចិន” បានទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំងតាម​បណ្តាញទំនាក់ទំនង​សង្គមនៅបរទេស ។

នៅពេលយប់ជ្រៅ​ តាមដងផ្លូវ​មានពន្លឺភ្លើង​ដ៏ភ្លឺ នៅមុខតូបក្នុង​ផ្សារដ៏មមាញឹក​មានសណ្តាប់ធ្នាប់ល្អ​—អ្វីដែលមជ្ឈដ្ឋាន​ខាងក្រៅយល់ថា​ “នឹកស្មានមិនដល់” ​តាមការពិតគឺជា​ជីវភាព​រស់នៅ​ធម្មតា​របស់​ប្រជាជនចិន ។ ​បច្ចុប្បន្ននេះ ​ប្រទេសចិន​​ជាប្រទេសមួយ​ក្នុងចំណោម​ប្រទេសដែល​មានអត្រា​កើតមាន​ឃាតកម្មទាបបំផុត ​អត្រាឧក្រិដ្ឋកម្ម​ទាបបំផុត​និងកើតមាន​រឿងបាញ់កាំភ្លើង​និងគ្រឿងបំផ្ទុះ​តិចបំផុតនៅលើ​ពិភពលោក ​។ របាយការណ៍​ស្តីពីសន្តិសុខ​សកលឆ្នាំ២០២៥​នៃវិទ្យាស្ថាន​ Gallup របស់​អាមេរិកបាន​បង្ហាញ​ថា ចំណាត់ថ្នាក់នៃ​អារម្មណ៍សុវត្ថិភាព​របស់ប្រជាជនចិន​និង “សូចនាករច្បាប់និង​សណ្តាប់ធ្នាប់”របស់​ចិន​ គឺខ្ពស់ជាង​ប្រទេសមហាអំណាច​លោកខាងលិច​ឆ្ងាយណាស់​ ។ ទិន្នន័យ​ផ្លូវការ​របស់​ចិន​បង្ហាញថា នៅឆ្នាំ២០២៥​ អារម្មណ៍សុវត្ថិភាព​របស់ប្រជាជនចិន​បានឡើងដល់​ ៩៨,២​ភាគរយដែល​បាន​លើសពី​៩៨ភាគរយ​ក្នុងរយៈពេល​៦ឆ្នាំជាប់ៗគ្នា ដោយ​នាំមុខគេយ៉ាង​ដាច់ឆ្ងាយនៅទូទាំង​ពិភពលោក ។ល។

តើ “អារម្មណ៍​សុវត្ថិភាពបែបចិន​” នេះគឺបង្កើតឡើង​យ៉ាងដូចម្តេច? ​លោក​ Lu Jiehua ​សាស្ត្រាចារ្យ​ផ្នែកសង្គមវិទ្យា​នៃសកលវិទ្យាល័យ​ប៉េកាំង​បានថ្លែងថា បើ​មើលពី​វិធានការ​ជាក់ស្តែង ការជំរុញ​យ៉ាងស៊ីជម្រៅនៃ​បច្ចេកវិទ្យា​ឌីជីថលរបស់ចិន​ ព្រមទាំងប្រព័ន្ធ​អភិបាលកិច្ច​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​ដែលផ្អែកលើ​កម្លាំងប្រជាជន​ទាំងមូល​និងការការពារទប់​ស្កាត់ដោយ​មហាជនបាន​បង្កើតជា​ “បណ្តាញ​សុវត្ថិភាព​” ដ៏រឹងមាំមួយ ​។ បើ​មើលពីមូលហេតុដ៏​ស៊ីជម្រៅអាច​ឃើញថា​  ទន្ទឹមនឹង​ការជំរុញ​ការធ្វើទំនើបកម្ម​តាមបែបផែនចិន​ កម្រិត​ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋចិន​កាន់តែ​ខ្ពស់ឡើងៗ ​ហើយ​អារម្មណ៍​សុវត្ថិភាពក្នុង​ដួងចិត្ត​ក៏កាន់តែ​រឹងមាំដែរ ​។ អារម្មណ៍​សុវត្ថិភាពដែល “​ជំរុញដោយ​កត្តាគ្រប់យ៉ាង” នេះ​ជាសក្ខីភាពនៃ​ប្រសិទ្ធភាពដ៏​លេចធ្លោរបស់​ “អភិបាលកិច្ច​បែបចិន” និង​បង្ហាញពីឧត្តមភាព​នៃរបបចិន ។

អារម្មណ៍សុវត្ថិភាព​បែបចិន ក៏ដោយសារតែ ​“ជីវភាពមាន​ក្តីសង្ឃឹម​នៅពេល​អនាគត” ​។ ​ការធ្វើទំនើបកម្ម​តាមបែបផែនចិន​ គឺជាការធ្វើ​ទំនើបកម្មដែល​ធ្វើឱ្យ​ប្រជាជនទាំងអស់គ្នា​ភាពសម្បូរ​សប្បាយ​រួម ។ នៅឆ្នាំ២០២៥​ ប្រាក់ចំណូលដែល​អាចប្រើប្រាស់​បានរបស់​ប្រជាពលរដ្ឋចិន​គិតជាមធ្យមក្នុង​មនុស្សម្នាក់ៗ​បានកើនឡើង​ ៥,០ភាគរយ​បើប្រៀបធៀប​នឹងឆ្នាំ​២០២៤ ដែល​ដើរស្របគ្នា​ជាមួយល្បឿន​កំណើនសេដ្ឋកិច្ច​ ។ ប្រទេសចិន​ក៏បានបង្កើត​​ប្រព័ន្ធអប់រំ ​សង្គមធានា​និង​វេជ្ជសាស្ត្រ​ដែលមាន​ទ្រង់ទ្រាយធំ​បំផុតលើ​ពិភពលោក ​ហើយ​បានបង្កើត​យន្តការ​ការពារគ្រប់​ជ្រុងជ្រោយ ​។ តក្កវិជ្ជា​អភិវឌ្ឍន៍​ដែល“តម្កល់ទុក​មនុស្សជា​អាទិភាព” ​បានធ្វើឱ្យ​ភាគលាភ​ការអភិវឌ្ឍផ្តល់​ផលប្រយោជន៍ដល់​មនុស្សគ្រប់រូប​យ៉ាង​ប្រាកដប្រជា ។ ​ជីវភាពរស់នៅ​មានស្ថិរភាព​ ការធានាគ្រប់គ្រាន់​ គ្មានកង្វល់​សម្រាប់ថ្ងៃ​អនាគត​ នោះ ​សង្គមក៏នឹង​មានរបៀបរៀបរយល្អ​ ហើយប្រជាជន​ក៏មាន​សេចក្តីសុខសាន្ត​ក្នុងដួងចិត្តដែរ ។

    បច្ចុប្បន្ននេះ ​ការប៉ះទង្គិចខាង​ភូមិសាស្ត្រ​នយោបាយ​សកល​មានភាព​កាន់តែធ្ងន់ធ្ងរ ​ពិភពលោក​កំពុងមានភាព​ច្របូកច្របល់  ​ដូច្នេះ“អារម្មណ៍សុវត្ថិភាព​បែបចិន” កាន់តែ​បង្ហាញពី​គុណតម្លៃរបស់ខ្លួន​ ។ អ្នកផង​ទាំងពួង​បាន​រកឃើញថា​ ប្រទេសមួយ​ពិតជាអាច​ក្លាយជា​ “ម៉ាស៊ីនលំនឹង” សម្រាប់​ពិភពលោក​ដែលកំពុង​មានភាព​រង្គោះរង្គើ​និងជា “កន្លែង​ជ្រកកោន​” ​សម្រាប់​ការវិនិយោគ​និងប្រកបអាជីវកម្ម​របស់​ពិភពលោក​តាមរយៈ​​ធ្វើកិច្ចការ​របស់ខ្លួន​ឱ្យបានល្អនិងធ្វើ​ឱ្យ​ជីវភាព​រស់នៅរបស់​ខ្លួន​ឱ្យបានល្អ​ ។ រីឯ​អារម្មណ៍​សុវត្ថិភាពដ៏​រឹងមាំដែល​ប្រទេសចិន​នាំមកដល់​ពិភពលោក ​ក៏បានធ្វើឱ្យ​ទស្សនទាន​ដ៏សាមញ្ញ​ដែលថា ​“ពិភពលោក​ទាំងមូលគឺជា​គ្រួសារតែមួយ” ​មានភាពពិតប្រាកដ​និងភាពកក់ក្តៅ ៕

ប្រភព ៖ «CCFR)


ចែករំលែក៖