ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី ២៤ ខែមេសា ឆ្នំា ២០២៦ វេលាម៉ោង ១៤ និង ៤០ នាទី នៅចំណុចចំការស្វាយស្ថិតនៅភូមិតានឹលឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មាន ករណី ចោរកម្ម(លួចរថយន្ត) មួយកើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចរថយន្ត ០១ គ្រឿងម៉ាក HYUNDAI MIGHTY ប្រភេទដឹកទំនិញ ស្លាកលេខភ្នំពេញ 3D.3275 ពណ៍ខៀវ សេរីឆ្នាំ1999 ដែលជារបស់ឈ្មោះ សុខ សូយ ភេទប្រុស អាយុ៥៥ឆ្នំា ទីលំនៅបច្ចុប្បន្ន ភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។
ប្រភពបានបន្តថា ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានបន្សល់ទុកម៉ូតូ០១គ្រឿងម៉ាក ស៊ូស៊ូគីនិចពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FB .4854 ។
ក្រោយពីទទួលបានព័ត៌មាននិងបណ្ដឹង ពីម្ចាស់រថយន្ត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងជោ និង កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍តាសាល បានចុះដល់ កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រុករក មុខសញ្ញា រហូតដល់ចំណុចជើងភ្នំខ្នងផ្សារស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទើបកម្លាំងយើងឃាត់រថយន្ត និង ជនសង្ស័យ០១ នាក់ឈ្មោះ វ៉ាន ភាព ភេទប្រុស អាយុ២១ឆ្នំា រស់នៅភូមិឃ្លាំង ឃុំ ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចរថយន្តខាងលើ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើសមត្ថកិច្ចបានយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច