ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី១៩នាក់ ស្លាប់ និងរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតក្រឡាប់កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិតាវាំង ឃុំស្រុករមាសហែក ខេត្តស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមលោកអភិបាលរងស្រុករមាសហែក ស៊ួ ម៉ុល បានឲ្យដឹងថា ពិតជាមានករណីក្រឡាប់រថយន្តបណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ និងរងរបួសធ្ងន់ ស្រាល១៨នាក់ ។
សមត្ថកិច្ចបានអោយដឹងថា កម្មការិនីដែលស្លាប់ ដោយសាររថយន្តសង្កត់មានឈ្មោះ ឌុល សុផល ភេទស្រី អាយុ48 ឆ្នាំ រស់នៅភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ។ ចំពោះអ្នកបើករថយនបង្កហេតុមានឈ្មោះ ឈុន ហ៊ន់ ភេទប្រុស អាយុ25ឆ្នាំ នៅភូមិត្បួងវត្ត ឃុំក្របៅស្រុកកំចាយមា ខេត្តព្រៃវែង បានរត់គេចខ្លួន ខណៈបើករថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាលេខ ភ្នំពេញ 3A-1372ចំណុះ៥តោន នៅនឹងកន្លែង ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកដំឡូងមីដោយដឹកកម្មករកម្មការិនីប្រុស ស្រី១៩នាក់ លើរថយន្តធ្វើដំណើរពីទិសខាងត្បួង ទៅជើង បន្ទាប់មកស្រាប់តែរថយន្តរេចង្កូតក្រឡាប់ចាក់កម្មករតែម្ដង ។
ក្រោយមក ប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាលមកអន្តរាគមន៍ ប៉ុន្តែអកុសសដោយស្ត្រីឈ្មោះ ឌី សុផល រងរបួសធ្ងន់ត្រូវរថយន្តសង្កត់ ក៏ដាច់ខ្យល់បាត់ទៅហើយ ។
ចំពោះសាកសពត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ កើតឡើងដោយសារមូលហេតុអ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្ន ទើបជួបគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ៕ យឹម សុថាន