ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខេត្តស្ទឹងត្រែង ប្រកាសបិទរដូវនេសាទឆ្នាំ២០២៦ និងប្តេជ្ញាការពារត្រីមេពូជ ដើម្បីនិរន្តរភាពមច្ឆជាតិមេគង្គ!

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការ បិទរដូវនេសាទ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ​ ដើម្បីធានាបាននូវការបន្តពូជ និងការរីកលូតលាស់នៃធនធានមច្ឆជាតិក្នុងតំបន់ទន្លេមេគង្គ ។ 

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ លើវិធានការ នៃការបិទនេសាទទាំងស្រុង និងនៅរាល់ការនេសាទដោយប្រើឧបករណ៍មងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាតក្នុងភូមិសាស្ត្រខេត្ត។ ប៉ុន្តែ បងប្អូនប្រជានេសាទអាចនេសាទបានជាលក្ខណៈគ្រួសារ ប៉ុណ្ណោះ ដោយប្រើឧបករណ៍ដែលច្បាប់អនុញ្ញាត ដូចជា៖ (សំណាញ់, លប, សៃយ៉ឺន, អង្រុត, ចាន់, តុម, កញ្ច្រែងដងត្រី និងសន្ទូចផ្លែមួយ) ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ដូច្នេះ រាល់សកម្មភាពល្មើសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុល នឹងត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង។

នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានបង្ហាញទិន្នន័យគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១ឆ្នាំ២០២៥ កន្លងទៅ ដោយក្នុងនោះ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជូនជនសង្ស័យទៅតុលាការ ០៨នាក់ ដកហូតមង ដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៣ម៉ឺន ៣ពាន់ ៤៩០ម៉ែត្រ ដកហូតសន្ទូចរនងនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ១ម៉ឺន ២ពាន់ ២៧៧ផ្លែ ធ្វើកិច្ចសន្យាប្រជានេសាទចំនួន ៦៩នាក់ ផ្សព្វផ្សាយ-អប់រំណែនាំ ២៥៧នាក់ ដកហូតទូក-ម៉ាស៊ីនចំនួន ២៩គ្រឿង អាគុយ ១៦គ្រឿង និងថ្នងដងត្រី ១៥គ្រឿង ក្បាលឆក់ ១៥គ្រឿង និងដងឆក់ ០១គូ កាំភ្លើងកែច្នៃ ០១ដើម ខ្សែកាបប្រវែង ៤៥ម៉ែត្រ និងខែ្សភ្លើងប្រវែង ៣១ម៉ែត្រ ប្រដាប់ជក់គ្រឿងញៀន ០២ឈុត ដាយ បិទអូរ ១០មាត់ និងសាច់អួនប្រវែង ២២៩ម៉ែត្រ របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ និងលូស្បៃមុង ០៨មាត់ ,លបប្រើស១០០ ប្រវែង ១០ម៉ែត្រ និងបានលែងត្រីមេពូជ និងត្រីកំពុងរងគ្រោះថ្នាក់ចូលក្នុងទន្លេវិញ ប្រមាណ ៥០គីឡូក្រាម ផងដែរ។

ទន្ទឹមនេះ លោក ស្រី សំវិចិត្រ បានបង្ហាញទិន្នន័យក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៦នេះ ដោយបរិមាណផលនេសាទធម្មជាតិប្រមូលបានសរុប ១,៨៥០ តោន ដកហូតមងលួចលាក់ក្នុងតំបន់ហាមឃាត់បាន ១៨,៦៦៥ ម៉ែត្រ ដកហូតសន្ទូចរនងបាន ១៥,៧៤៨ ផ្លែ រឹបអូសទូក-ម៉ាស៊ីន និងទ្រុងប្រោសត្រីមួយចំនួន ធ្វើការអប់រំ និងធ្វើកិច្ចសន្យាជាមួយប្រជានេសាទបានចំនួន ៣០នាក់ និងផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ដល់ពលរដ្ឋបាន ៣៥នាក់ ថែមទៀតផង។

លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានសំណូមពរដល់បងប្អូនប្រជានេសាទ ក៏ដូចជាប្រជាជនគ្រប់រូប ឲ្យគោរពច្បាប់ស្ដីពីជលផល និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសសេចក្ដីជូនដំណឹងស្ដីពីរដូវបិទនេសាទ សម្រាប់ខេត្តស្ទឹងត្រែងឆ្នាំ២០២៦នេះ ដែលចេញដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមេត្តាចូលរួមការពារ និងអភិរក្សទាំងអស់គ្នា កុំចាប់ ទិញ លក់ និងហូបត្រីកំពុងរងគ្រោះថ្នាក់ និងត្រីបានពីការនេសាទខុសច្បាប់ កុំនេសាទកន្លែងអភិរក្ស និងប្រើឧបករណ៍ហាមឃាត់ ហើយចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលទាំងអស់គ្នា និងស្ម័គ្រចិត្តលែងទៅវិញនូវត្រីមេពូជ និងត្រីកំពុងរងគ្រោះថ្នាក់។

លោក ស្រី សំវិចិត្រ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាជួយបង្ក្រាប និងទប់ស្កាត់បទល្មើសជលផល ដែលកើតនៅតាមមូលដ្ឋាន ពិសេសកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើស ដើម្បីនាំយកមកអប់រំ ណែនាំ ឬអនុវត្តតាមនីតិវិធី។ ដូច្នេះ សូមសាធារណជន ជាពិសេសបងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ជលផល និងសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ដោយ​៖ តារា​


ចែករំលែក៖