ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចម៉ូតូចេញពីក្នុងក្រុងសៀមរាបសមត្ថកិច្ចចាប់ជាប់នៅស្រុកពួក

ចែករំលែក៖

ខេត្តសៀមរាប៖ ចោរលួចម៉ូតូម្នាក់ធ្វើសកម្មភាពចេញពីក្នុងក្រុងសៀមរាប មកជាប់អន្ទាក់នគរបាលស្រុកពួក ខណៈជនសង្ស័យកំពុងជិះម៉ូតូ ដូចភិនភាគដែលបានរាយការណ៍ ទើបកម្លាំងសមត្ថកិច្ចដាក់យាមកាមតាមដងផ្លូវឃាត់ និងសួរនាំ ទើបដឹងថា ពិតជាចោរ លួចម៉ូតូចេញពីភូមិសាស្ត្រ ក្នុងសង្កាត់គោកចក ក្រុងសៀមរាបប្រាកដមែនទើបឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង ២០ និង១៧ នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខផ្សារពួក ក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលស្រុកពួកបានប្រាប់ថា បានប្រគល់ជនល្មើសមកឱ្យកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់គោកចកវិញ នៅវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យមានឈ្មោះ បិន សុផល ភេទប្រុស អាយុ ៤១ឆ្នាំ មានស្រុកកំណើតនៅ ភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំ ស្រុកមោងឬស្សី ខេត្តបាត់ដំបង សព្វថ្ងៃ រស់នៅភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ថា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ឹម សារ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានគរបាល មានទីលំនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលបានបាត់ ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ផ្លាកលេខ សៀមរាប ១S ៥១០១ មូលហេតុ(ម្ចាស់ម៉ូតូបានចតម៉ូតូទុកចោលមិនបានដកសោ)។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតសា្រល នៃស្នងការដ្ឋាននគរបាលខេត្ត សួរនាំបន្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូប្រគល់ឱ្យម្ចាស់ដើមវិញ ៕ ប៊ុន រិទ្ធី

aes-3 aes aes-1 aes-2


ចែករំលែក៖